ប្ដី Goals! Moses Chan ផ្អៀងផ្អងអង្គុយងើបកាន់ទូរស័ព្ទថតរូបឱ្យប្រពន្ធ អ្នកគាំទ្រលួចច្រណែនព្រាត
រយៈពេលរាប់ឆ្នាំមកនេះ តារាសម្ដែងប្រុសហុងកុងដ៏ល្បី Moses Chan តែងតែត្រូវបានមហាជនក៏ដូចជាអ្នកគាំទ្រស្ងើចសរសើរថាជាស្វាមីដ៏គំរូសម្រាប់ភរិយា និង កូនៗរបស់លោក។ តារាសម្ដែងប្រុស Moses Chan បានចាប់ដៃគ្នារៀបការជាមួយតារាសម្ដែងស្រី Aimee Chan អស់រយៈពេល ១១ ឆ្នាំមកហើយ ដោយទទួលបានចំណងដៃកូនប្រុសស្រីចំនួន ៣ នាក់។
ចំណងស្នេហ៍រវាងប្ដីប្រពន្ធតារាហុងកុងមួយគូនេះ អស់រយៈកាលជាច្រើនឆ្នាំមកនេះឃើញថាកាន់តែស្អិតល្មួតឡើងៗរហូតអ្នកគាំទ្រលួចច្រណែនព្រោងព្រាត។ យ៉ាងណាមិញ ថ្មីៗកន្លងទៅ តួអង្គ «មាន់ហ័រ» រូបនេះកាន់តែធ្វើឱ្យអ្នកគាំទ្រលាន់មាត់សរសើរថែមទៀតក្រោយមានអ្នកគាំទ្រម្នាក់លួចថតបានសកម្មភាពលោក និង ប្រពន្ធកំពុងតែថតរូបឱ្យគ្នាយ៉ាងមានក្ដីសុខ។
ជាក់ស្ដែង កាលពីពាក់កណ្ដាលខែតុលាកន្លងទៅ មហជនម្នាក់បានធ្វើការបង្ហោះរូបភាពមួយចំនួនលើបណ្ដាញសង្គមចិន Xiao Hong Shu ដែលជារូបភាពរបស់ Moses Chan និង Aimee កំពុងអង្គុយថតរូបក្នុងហាងកាហ្វេល្បីមួយនៅ Guangzhou។ រូបភាពទាំងនោះដែរ បង្ហាញឱ្យឃើញ Moses Chan ខំព្យាយាមថតរូបប្រពន្ធឱ្យបានស្អាតបើទោះជាខ្លួនត្រូវអង្គុយផងងើបឈរផង ផ្អៀងផ្អងយ៉ាងផ្ចិតផ្ចង់បំផុតមិនធ្វើឱ្យភរិយាខកចិត្តនោះឡើយ។
ទង្វើរបស់គូស្នេហ៍តារាល្បីមួយគូនេះក្នុងជីវិតប្រចាំថ្ងៃ បានធ្វើឱ្យអ្នកគាំទ្រអត់ទ្រាំមិនសរសើរមិនបាន ដោយខ្លះថែមទាំងលាន់មាត់ថា «Moses Chan ជាប្ដីគំរូសម្រាប់ប្រុសៗផ្សេង» ថែមទៀតផង៕