មិត្តភាព ១០ ឆ្នាំ! ទេព បូព្រឹក្ស និង ពេជ្រ សូលីកា ធ្លាប់អត់និយាយរកគ្នា ឥលូវមានកូនរៀងខ្លួនសន្យាថាឈប់ងរគ្នាហើយ
និយាយពីទំនាក់ទំនងរវាងអ្នកម៉ាក់រូបស្រស់ ទេព បូព្រឹក្ស និង ពេជ្រ សូលីកា ជាមិត្តសម្លាញ់នឹងគ្នាច្រើនឆ្នាំមកហើយ ដោយគ្រាន់តែមួយរយៈធំកន្លងទៅ មិនសូវបង្ហាញវត្តមានជិតដិតជាមួយគ្នា ប៉ុន្តែទើបតែមួយរយៈថ្មីនេះ ឃើញអ្នកទាំងពីរបានវិលជួបគ្នាវិញម្ដងទៀត បង្ហាញសកម្មភាពរួមគ្នា និង ភាពស្និទ្ធស្នាលនឹងគ្នាក្នុងកម្មវិធីផ្សេងៗ ដែលតែងធ្វើឱ្យអ្នកគាំទ្របង្ហាញចិត្តរំភើបជំនួសផងដែរ។
ជាក់ស្ដែង ថ្មីៗនេះ តារាចម្រៀងស្រីរូបស្រស់ទាំងពីរ បានធ្វើឱ្យមហាជន ក៏ដូចជាអ្នកគាំទ្រកាន់តែចាប់អារម្មណ៍ខ្លាំងទៀត ខណៈបានឃើញអ្នកនាង ទេព បូព្រឹក្ស បង្ហោះរូបភាពមួយសន្លឹកជាមួយ ពេជ្រ សូលីកា ក្នុងពិធីមង្គលការ សុភ័ក្រ្ត កុសុម៉ាដោយនិយាយពីចំណងមិត្តភាព ១០ ឆ្នាំរវាងអ្នកទាំងពីរយ៉ាងកម្រ។ ក្នុងនោះ អ្នកនាង ថែមទាំងទម្លាយពីរឿងធ្លាប់មានការអន់ចិត្តអត់និយាយរកគ្នា ប៉ុន្តែពេលនេះ អ្នកទាំងពីរមានគ្រួសារមានកូនរៀងៗខ្លួន ក៏សន្យាថាឈប់ងក់ងរគ្នាដូចមុនទៀតផង។
សារនោះ អ្នកនាង ទេព បូព្រឹក្ស បានរៀបរាប់ថា ៖ «ម៉ាក់ Albert & ម៉ាក់អូន Aari គិតទៅ ១០ ឆ្នាំជាងហើយ ដែលយើងជាមិត្តនឹងគ្នា អាអត់និយាយរកគ្នានោះក៏មាន អីក៏មាន តែឥលូវមានកូនរៀងៗខ្លួនហើយ សន្យាថានឹងចាស់ចិត្តចាស់គំនិត លែងងក់ងរគ្នាហើយ»៕