មើលមួយភ្លែតស្មានតែម៉ាក់យាយ! G-Dragon លេងស្ទីលពាក់អាវចាក់ពណ៌ក្រហម ចងកន្សែងក្បាល ស្ពាយកាបូបធំ ប្លែកខ្លាំង
កាលពីថ្ងៃទី ០៤ ខែវិច្ឆិកា ឆ្នាំ ២០២៤ កន្លងទៅ ស្ដេច K-pop តារាចម្រៀង G-Dragon បានទាក់ភ្នែកមហាជនជាច្រើនជាមួយនឹងស្ទីលតុបតែងខ្លួនរបស់លោក ពេលធ្វើដំណើរទៅកាន់ព្រលានយន្តហោះ Incheon ដើម្បីហោះទៅកាន់ទីក្រុងហុងកុង។
តាមព័ត៌មានបានឱ្យដឹងថា តារាចម្រៀង G-Dragon បានធ្វើដំណើរពីកូរ៉េខាងត្បូងឆ្ពោះទៅកាន់ទីក្រុងហុងកុង ដើម្បីចូលរួមកម្មវិធី Cruise 2025 របស់ម៉ាកដ៏ល្បី Chanel ដែលធ្វើឡើងនៅក្នុងថ្ងៃទី ០៥ ខែវិច្ឆិកា ឆ្នាំ ២០២៤ នេះ។ យ៉ាងណាមិញ ក្នុងការធ្វើដំណើរទៅចូលរួមកម្មវិធីនេះដែរ ហ្វេសហ្សិននៅព្រលានយន្តហោះរបស់តារាចម្រៀងប្រុសរូបនេះ បានផ្ទុះការចាប់អារម្មណ៍ជាខ្លាំងព្រោះតែជាការលេងខ្លួនប្លែកទាក់ទាញបំផុត។
ដូចដែលបានឃើញ ឈុតដែល G-Dragon ស្លៀកដើរក្នុងព្រលានយន្តហោះលើកនេះមានមកជាមួយអាវចាកពណ៌ក្រហម ស្លៀកខោខូវប៊យ ស្ពាយកាបូប chanel ពណ៌ខ្មៅដ៏ធំមួយ អមដោយកន្សែងរុំក្បាលពីលើមួក។ កម្រងវីដេអូ និង រូបភាពរបស់លោកក្នុងស្ទីលលេងខ្លួនដ៏ប្លែកអស់ស្ទះនេះដែរ ត្រូវបានមហាជនក៏ដូចជាបណ្ដាសារព័ត៌មានក្នុងស្រុក និង ក្រៅស្រុកជាច្រើនចែករំលែកព្រោងព្រាត៕