តិចអត់ដឹង! នេះជាបវរកញ្ញាខ្មែរទី ១ ដណ្តើមបានតំណែង 1st Runner-up ខ្វះមួយជំហានឈ្នះមកុដពីឆាកអន្ដរជាតិ
ឆ្នាំ ២០១៥ អាចនិយាយបានថាជាឆ្នាំមាសមួយសម្រាប់ប្រទេសកម្ពុជា ក្នុងកម្មវិធីប្រកួតសម្រស់ និង សមត្ថភាពដ៏ធំ Miss Global 2015 ដោយបវរកញ្ញាតំណាងប្រទេសកម្ពុជា ឈ្មោះនាង Virginia Prak កូនខ្មែរ-អាមេរិក បានយកឈ្នះទទួលបានចំណាត់ថ្នាក់រងទី ១ (1st Runner-up) ធ្វើឱ្យមហាជនខ្មែរសប្បាយរីករាយយ៉ាងខ្លាំង។
ក្នុងឆ្នាំ ២០១៥ នៃកម្មវិធី Miss Global នោះ បវរកញ្ញាជាកូនខ្មែរ-អាមេរិក នាង Virginia Prak ធ្វើបានយ៉ាងល្អគ្រប់វគ្គ ដោយកញ្ញាបានសាងភាពភ្ញាក់ផ្អើលដល់មហាជន ទាំងជាតិ និង អន្តរជាតិ នៅលើឆាកនោះ ជាមួយសមត្ថភាពដ៏ខ្លាំង និង រូបសម្រស់បែបកូនកាត់របស់នាង។ ជាមួយគ្នានោះ ថ្វីដ្បិតតែនាង Virginia Prak ចេះនិយាយខ្មែរតិចៗពិតមែន ប៉ុន្តែនាងបានពាំនាំយករបាំខ្មែរ បង្ហាញលើឆាកកម្មវិធីនោះបានយ៉ាងល្អ និង ទទួលបានការសរសើរយ៉ាងខ្លាំងពីអន្តរជាតិ។
បន្ទាប់ពីយកឈ្នះក្នុងកម្មវិធីដោយទទួលបានចំណាត់ថ្នាក់រងទី ១ រួចមក បវរកញ្ញា Virginia Prak ដែលតំណាងកម្ពុជា ក៏បានដឹកដៃម្ចាស់មកុដ និង ជ័យលាភីរងផ្សេងទៀត ធ្វើដំណើរទស្សនកិច្ចប្រទេសកម្ពុជាផងដែរកាលពីឆ្នាំ ២០១៦ ដែលកាលណោះថែមទាំងមានការប្រគំតន្រ្តីមនុស្សធម៌ រៃអង្គាសថវិកាជួយឧបត្ថម្ភដល់ក្មេងៗនៅមន្ទីរពេទ្យគន្ធបុប្ផា និង មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ទៀតផង។
គួរឱ្យដឹងដែរថា កម្មវិធី Miss Global 2015 បានប្រារព្ធធ្វើនៅក្នុងប្រទេសហ្វីលីពីន ដោយបវរកញ្ញាមកពីប្រទេសអូស្ត្រាលី នាង Jessica Peart បានយកឈ្នះក្លាយជាម្ចាស់មកុដ និង ក្នុងនោះមានបេក្ខភាព ៤ ប្រទេសផ្សេងទៀតបានជាប់ចំណាត់ថ្នាក់រង ដោយចំណាត់ថ្នាក់រងទី ១ បានមកបវរកញ្ញាកម្ពុជា គឺនាង Virginia Prak, ចំណាត់ថ្នាក់រងទី ២ បានទៅលើនាង Lorna Murphy បវរកញ្ញាមកពីអៀរឡង់, ចំណាត់ថ្នាក់រងទី ៣ គឺនាងGergana Doncheva មកពីប្រទេសប៊ុលហ្គារី និង ចំណាត់ថ្នាក់ទី ៤ គឺនាង Candice Ramos របស់ហ្វីលីពីន៕