តារាសម្ដែងវ័យក្មេង សរពេជ្ញ ម៉ានីកា បង្ហើបពីភាពយន្តខ្នាតធំដែលនាងសម្ដែងជាមួយជនជាតិជប៉ុន ៥ ឆ្នាំមុន ត្រៀមចាក់បញ្ចាំងឆាប់ៗ
មហាជនបានជ្រាបហើយពីតារាសម្តែងវ័យក្មេងកុមារី សរពេជ្ញ ម៉ានីកា ដែលទើបតែមានវ័យ ១២ ឆ្នាំទេ តែនាងតូចទទួលបានការចាប់អារម្មណ៍ខ្លាំងជាមួយនឹងទេពកោសល្យសម្តែងក្នុងវិស័យខ្សែភាពយន្តខ្មែរជាច្រើនកន្លងមក។
ម៉្យាងវិញទៀត ទោះបីជាអាយុនៅតិចក៏ពិតមែនតែកុមារី សរពេជ្ញ ម៉ានីកា មានជំនាញក្នុងការសម្តែងជាច្រើនទម្រង់នៅក្នុងវិថីសិល្បៈ ក៏ព្រោះតែនាងបានចូលប្រឡូកក្នុងវិស័យសិល្បៈតាំងពីអាយុ ៣ ឆ្នាំមកម្ល៉េះ។
លើសពីនេះ នាងតូចមិនត្រឹមតែមានទេពកោសល្យក្នុងវិស័យសម្ដែង និង មានរូបសម្រស់ស្អាតគួរឱ្យស្រឡាញ់នោះទេ ម៉ានីកា ថែមទាំងមានជំនាញផ្នែកតន្រ្តីដែលចេះលេងហ្គីតា និង ច្រៀងបានយ៉ាងពីរោះទៀតផង។
ងាកមកវិស័យសម្ដែងវិញ កុមារីវ័យ ១២ ឆ្នាំរូបនេះ បច្ចប្បន្នហាក់កាន់តែមានសន្ទុះទីផ្សារខ្លាំងឡើង ដែលក្ដោបបានការងារសម្ដែងខ្សែភាពយន្តជាច្រើនបន្តបន្ទាប់ ជាពិសេសភាពយន្តខ្នាតធំ ដែលកុមារីរូបនេះ តែងទទួលបានការសរសើរពីស្នាដៃសម្ដែងដ៏មានទេពកោសល្យផងដែរ។
យ៉ាងណាមិញ អ្វីកាន់តែចាប់អារម្មណ៍ខ្លាំងទៀត ខណៈបានឃើញការបង្ហោះមួយរបស់ ម៉ានីកា បង្ហាញពីស្នាដៃសម្ដែងភាពយន្តខ្នាតធំមួយត្រៀមនឹងចាក់បញ្ចាំងឆាប់ៗនេះ ដែលនាងបានចូលរួមសម្ដែងតាំងពី ៥ ឆ្នាំមុនមកម៉្លេះ ជាភាពយន្តបែបរន្ធត់ព្រឺព្រួចមានចំណងជើងថា «អ្នកស្នងអគារ» ដោយមានការចូលរួមសម្ដែងពីតារាខ្មែរល្បីៗ និង មានតារាសម្ដែងជនជាតិជប៉ុនទៀតផង។
សារនោះ កុមារី ម៉ានីកា បានរៀបរាប់ថា ៖ «រឿងនេះថតតាំងពីដើមឆ្នាំ ២០២០ ប៉ុន្តែ ម៉ានីកាពិតជារំភើបចិត្តណាស់ ដែលបានចូលរួមសម្តែងក្នុងខ្សែភាពយន្តខ្មែរដ៏អស្ចារ្យមួយនេះ ជាពិសេសបានចូលរួមការងារ ជាមួយក្រុមការងារ និង សិល្បករដែលមានសមត្ថភាពខ្ពស់ និង តារាសម្តែងប្រុសជនជាតិជប៉ុនថែមទៀតផង។ «អ្នកស្នងអគារ» គឺជាភាពយន្តខ្មែរដែលមានគុណភាព ដែលបានចូលរួមក្នុងមហោស្រពភាពយន្តអន្តរជាតិជាច្រើន ហើយនឹងត្រៀមចាក់បញ្ចាំងគ្រប់រោងភាពយន្ត ក្នុងខែវិច្ឆិកាឆ្នាំ២០២៤នេះ It’s almost 5 years and «Tenement» is finally coming to Cinema this November ! I’m super excited to see my younger self in this beautiful and high quality horror film»៕