ប្រឡូកសិល្បៈអស់ ៥០ ឆ្នាំ តារាសម្តែងជើងចាស់ថៃ Banjerdsri Yamabhai បានទទួលមរណភាពក្នុងវ័យ ១០០ ឆ្នាំ
នៅថ្ងៃទី ៦ ខែវិច្ឆិកា ឆ្នាំ ២០២៤ នេះ មានព័ត៌មានដែលធ្វើរង្វង់សិល្បៈថៃមានការសោកស្តាយជាថ្មី ដោយសារតារាសម្តែងជើងចាស់ Banjerdsri Yamabhai បានទទួលមរណភាព នៅក្នុងវ័យ ១០០ ឆ្នាំ។
តាមព័ត៌មានបានឱ្យដឹងថា សពរបស់តារាសម្តែងរូបនេះនឹងត្រូវតម្កល់ទុកធ្វើបុណ្យ និង សូត្រអភិធម្មនៅវត្តមួយកន្លែងនាទីក្រុងបាងកក ចាប់ពីថ្ងៃស្អែកនេះរហូតដល់ថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២៤ ទើបធ្វើបូជាតាមប្រពៃណីសាសនា។
គួរឱ្យដឹងដែរថា តារាសម្តែង Banjerdsri Yamabhai បានចាប់ផ្តើមប្រឡូកក្នុងសិល្បៈនៅអាយុប្រមាណ ៥០ ឆ្នាំ ដោយបានដើរតួជាតួអង្គវ័យចំណាស់ច្រើនរឿងណាស់ ដែលធ្វើឱ្យទស្សនិកជនបានចងចាំមុខមិនភ្លេចឡើយ ក្នុងនោះក៏មានដើរតួនៅក្នុងរឿង «បុព្វេសន្និវាស» ទាំង ២ វគ្គ ដោយរឿង «បុព្វេសន្និវាស» វគ្គ ២ គឺជារឿងដែលតារាសម្តែងជើងចាស់រូបនេះបានសម្តែងចុងក្រោយបង្អស់មុននឹងលាចាកលោក៕
ប្រភព៖ Khaosod