រំលងអស់ ៣ សប្ដាហ៍ ទីបំផុត សាកស-ព Liam Payne ប្រគល់ឱ្យក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យនៅស្រុកកំណើតហើយ
នៅថ្ងៃទី ០៧ ខែវិច្ឆិកា ឆ្នាំ ២០២៤ នេះ សាកសពរបស់តារាចម្រៀង Liam Payne អតីតសមាជិកក្រុម One Direction ត្រូវបានដឹកចេញពីប្រទេសអាហ្សង់ទីនទៅកាន់ស្រុកកំណើតនាចក្រភពអង់គ្លេសវិញហើយ ដើម្បីឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីសាសនា។
ដំណឹងនេះដែរបានផ្ដល់ឡើង ៣ សប្ដាហ៍ក្រោយតារាចម្រៀងប្រុសវ័យ ៣១ ឆ្នាំរូបនេះ បានជួបហេតុការណ៍ធ្លាក់ពីលើយ៉បន្ទប់សណ្ឋាគារស្លាប់ កាលពីថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០២៤ កន្លងទៅ នាទីក្រុង Buenos Aires ប្រទេសអាហ្សង់ទីន។ តាមការធ្វើកោសល្យវិច័យបឋមដំបូងបានបញ្ជាក់ថា Liam Payne រងរបួសធ្ងន់ធ្ងរខ្លាំងរហូតដល់គ្មានសង្ឃឹមថានឹងអាចសង្គ្រោះជីវិតបាននោះឡើយ ហើយកាលពីសប្ដាហ៍កន្លងទៅនេះ ប៉ូលិសក្នុងប្រទេសអាហ្សង់ទីនក៏បានធ្វើការឆែកឆេរសណ្ឋាគារ Casa Sur ដែលជាកន្លែងកើតហេតុ ខណៈពេលដែលពួកគេតាមដានលើការលើកឡើងថាមានបុគ្គលិកលក់ថ្នាំញៀនឱ្យ Liam Payne ត្រឹមប៉ុន្មានម៉ោងមុនលោកជួបគ្រោះថ្នាក់រហូតស្លាប់។
បើតាមព្រះរាជអាជ្ញាសាធារណៈ Andres Madrea ថ្លែងប្រាប់សារព័ត៌មាន BBC បានឱ្យដឹងថា សាកសពរបស់ Liam Payne ត្រូវបានប្រគល់ឱ្យក្រុមគ្រួសាររបស់លោកវិញ កាលពីថ្ងៃទី ០៦ ខែវិច្ឆិកា ឆ្នាំ ២០២៤ កន្លងទៅ ក្រោយរក្សាទុកក្នុងប្រទេសអាហ្សង់ទីនជាច្រើនសប្ដាហ៍ដើម្បីបញ្ចប់ការធ្វើកោសល្យវិច័យ៕
ប្រភព៖ Dailymail