(វីដេអូ) មិនទាន់ឡើងឆាកប្រកួតផង ប្រាសាទ ដាវីន ឈ្នះលើការប្រកួត Make Up បានរង្វាន់ជាកញ្ចប់កាដូតម្លៃ ៣ ពាន់ដុល្លារ
មកដល់ពេលនេះ ដំណើរការនៃការប្រកួតបវរកញ្ញាអន្តជាតិដ៏អស្ចារ្យ Miss Universe 2024 លើកទី ៧៣ កំពុងដំណើរការប្រកួតលើវិញ្ញាសាជាបន្តបន្ទាប់សម្រាប់បេក្ខភាពបវរកញ្ញា និង មានការជួបជុំគ្នា ដើរទស្សនកិច្ចផ្សេងៗ ព្រមទាំងកំពុងតែបង្ហាញសមត្ថភាពហ្វឹកហាត់បន្ថែមទម្រាំដល់ថ្ងៃប្រកួតផ្ដាច់ព្រ័ត្រនៅថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០២៤ ខាងមុខ។
ក្រឡេកទៅចាប់អារម្មណ៍បវរកញ្ញាកម្ពុជា អ្នកនាង ប្រាសាទ ដាវីន វិញ ក៏កំពុងត្រូវបានមហាជនអ្នកគាំទ្រចាប់អារម្មណ៍សរសើរពីសកម្មភាពរបស់អ្នកនាង ដែលបវរកញ្ញាដ៏មានសក្កានុពលរូបនេះ មានភាពជឿជាក់ ស្វាហាប់ខ្លាំងក្នុងដំណើរការប្រកួតទាំងទំនាក់ទំនង ទាំងការប្រើប្រាស់ភាសាផ្សេងៗ។
ដោយឡែក មកដល់ថ្ងៃទី ៦ ខែវិច្ឆិកា ឆ្នាំ ២០២៤ នេះ កម្មវិធី Miss Universe 2024 ក៏បានរៀបចំការប្រកួតមួយពីការ Make Up ដែលឱ្យបេក្ខភាពបវរកញ្ញានីមួយៗប្រកួតជាក្រុមដោយធ្វើការ Make Up លើផ្ទៃមុខខ្លួនឯងរៀងៗខ្លួន និង មានការដាក់ពិន្ទុពីគណៈកម្មការ ដោយជ្រើសរើសបានបវរកញ្ញាចំនួន ២០ ប្រទេស ឈ្នះក្នុងការប្រកួតនេះ។
ក្នុងចំណោមអ្នកឈ្នះទាំង ២០ នាក់នេះ ក៏មានឈ្មោះបវរកញ្ញាកម្ពុជាយើង អ្នកនាង ប្រាសាទ ដាវីន ដែរ ដោយចំពោះជ័យលាភីនៃការប្រកួតនេះ បវរកញ្ញាម្នាក់ៗនឹងទទួលបានឈុត make up និង កញ្ចប់កាដូតម្លៃ ៣០០០ ដុល្លារ ពី @missuniverse.cosmetics៕
សូមទស្សនាវីដេអូខាងក្រោម៖