ក្ដៅគគុក! ប៉ូលិសអាហ្សង់ទីនឃាត់ខ្លួនមនុស្ស ៣ នាក់សង្ស័យជាប់ពាក់ព័ន្ធការស្លា./ប់របស់ Liam Payne
រដ្ឋអាជ្ញាអាហ្សង់ទីនដែលស៊ើបអង្កេតលើការស្លាប់របស់តារាចម្រៀង Liam Payne បានបញ្ជាក់ថាបានចាប់ខ្លួនជនសង្ស័យចំនួន ៣ នាក់ដែលបច្ចុប្បន្នកំពុងស្ថិតក្រោមការស៊ើបអង្កេតជាផ្លូវការ។
តាមរបាយការណ៍ព័ត៌មានមួយចំនួនកាលពីយប់ថ្ងៃទី ០៧ ខែវិច្ឆិកា ឆ្នាំ ២០២៤ កន្លងទៅបានលើកឡើងថា មនុស្សទាំង ៣ នាក់ដែលបានចាប់ខ្លួនត្រូវបានចោទប្រកាន់ពីបទល្មើស តែយ៉ាងណាមិញ បើតាមប្រភពដែលដឹងពីប្រព័ន្ធតុលាការអាហ្សង់ទីនបានលើកឡើងដូច្នេះថា អ្នកដែលចាប់ខ្លួនទាំង ៣ នាក់នោះគឺស្ថិតក្រោមជនសង្ស័យនៅឡើយ មិនទាន់បានរងការចោទប្រកាន់ជាផ្លូវការនៅឡើយទេ។
ក្នុងចំណោមជនសង្ស័យទាំង ៣ នាក់ មានម្នាក់ជាមិត្តរបស់ Liam Payne និង ២ នាក់ទៀតជាបុគ្គលិកសណ្ឋាគារ។ ចំពោះជនសង្ស័យជាមិត្តនោះ ខាងអាជ្ញាធរមិនបានបញ្ជាក់ឈ្មោះនោះឡើយ គ្រាន់តែពួកគេចោទប្រកាន់លោកថាបានទុក Liam Payne ចោលក្រោយលោកបានស្លាប់។ បន្ថែមពីនេះ ខាងអាជ្ញាធរក៏ចោទប្រកាន់បុគ្គលខាងលើពីបទរួមគំនិតផ្គត់ផ្គង់គ្រឿងញៀន ដោយបទឧក្រិដ្ឋនេះបើរកឃើញប្រព្រឹត្តមែនអាចនឹងត្រូវជាប់ពន្ធនាគាររហូតដល់ ១៥ ឆ្នាំ។
បើទោះជាមិនបានទម្លាយអត្តសញ្ញាណបុរសជាមិត្ត ប៉ុន្តែតាមការរៀបរាប់ មហាជនដាក់ការសង្ស័យទៅលើលោក Rogelio ‘Roger’ Nores ដែលលោកបានជួបកំដរ Liam Payne រយៈពេលប៉ុន្មានថ្ងៃមុនតារារូបនេះបានស្លាប់។ យ៉ាងណាមិញ លោក Nores ក៏បានចេញមុខឆ្លើយតបភ្លាមៗទៅកាន់សារព័ត៌មាន Dailymail ថាលោកមិនមែនជាបុគ្គលដូចដែលបានអះអាងសង្ស័យនោះឡើយ។
គួររំឭកថា កាលពីថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០២៤ កន្លងទៅ មហាជនជាច្រើនស្ទើរពាសពេញពិភពលោកមានការតក់ស្លុតជាខ្លាំងក្រោយដឹងដំណឹងថា តារាចម្រៀង Liam Payne អតីតសមាជិកក្រុម One Direction បានទទួលមរណភាពទៅហើយទាំងវ័យត្រឹម ៣១ ឆ្នាំ ដោយសារធ្លាក់ចុះពីយ៉ជាន់ទី ៣ នៃសណ្ឋាគារ CasaSur Palermo នាទីក្រុង Buenos Aires ប្រទេសអាហ្សង់ទីន។ ការធ្លាក់ពីទីដ៏ខ្ពស់នេះបានធ្វើឱ្យ Liam Payne ស្លាប់នៅនឹងកន្លែងដោយសារតែរបួសធ្ងន់ធ្ងរខ្លាំងក្លាពេក៕
ប្រភព៖ Dailymail