មកដល់ស្រុកខ្មែរបាន ២ ថ្ងៃ និរ័ត្ន មានទីផ្សារការងារភ្លាម ក្រោយទៅរស់នៅអូស្រ្តាលីជិត ៧ ឆ្នាំ
មហាជនអ្នកគាំទ្រធ្លាប់បានដឹងមកហើយថា តារាចម្រៀងប្រចាំផលិតកម្មថោន នីរ័ត្ន បានចាកចេញទៅរស់នៅប្រទេសអូស្ត្រាលី អស់រយៈពេលប្រមាណជាជិត ៧ ឆ្នាំ មកហើយ បើគិតមកដល់ឆ្នាំ ២០២៤ នេះ។
ក្រោយចាកចេញពីកម្ពុជា តារាស្រីរូបនេះ ក៏ទទួលបានចំណងដៃកូនប្រុសម្នាក់ អាយុប្រមាណ ៤ ឆ្នាំហើយ។ លើសពីនោះ រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ និរ័ត្ន ក៏បានធ្វើដំណើរជារឿយៗមកលេងស្រុកកំណើតផងដែរ។
ដោយឡែក កាលពីថ្ងៃទី ០៦ ខែវិច្ឆិកា ឆ្នាំ ២០២៤ កន្លងទៅនេះ អ្នកនាង និរ័ត្ន បានវិលត្រឡប់មកប្រទេសកម្ពុជាជាថ្មីយ៉ាងស្ងប់ស្ងាត់ និង កំពុងតែយកពេលវេលាជួបជុំមិត្តភក្តិ ក្រុមគ្រួសារយ៉ាងរីករាយក្រោយពីឆ្ងាយគ្នាអស់រយៈពេលច្រើនឆ្នាំនោះ។
ម្យ៉ាងវិញទៀត ការវិលត្រឡប់មកកម្ពុជាលើកនេះ មិនទាន់បានប៉ុន្មានផង អ្នកនាង និរ័ត្ន ហាក់ទទួលបានទីផ្សារការងារសិល្បៈជាថ្មី ពោលគឺមកដល់កម្ពុជាទើបបាន ២ ថ្ងៃ សោះ នាងទទួលបានការអញ្ជើញចូលរួមកម្មវិធីប្រគំតន្ត្រីជាបន្តបន្ទាប់បាត់ទៅហើយ៕