ពីក្មេងនៅខេត្តឡើងមកស្នាក់នៅវត្តបន្តការសិក្សា សំអន តស៊ូជម្នះលើការរៀនសូត្រ ហើយនៅឈ្នះពាន MasterChef ទៀត
ក្រោយពីចាក់ផ្សាយនៃការប្រកួតប្រជែងជាច្រើនសប្ដាហ៍ មកដល់យប់ថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ ២០២៤ កន្លងទៅនេះ កម្មវិធីប្រកួតថ្វីដៃធ្វើម្ហូបលំដាប់ពិភពលោក MasterChef Cambodia រដូវកាលទី ៣ បានរកឃើញម្ចាស់ពានរង្វាន់ប្រចាំរដូវកាលថ្មីនេះហើយ គឺបានទៅលើបេក្ខជន ឃួន សំអន។
ខណៈកម្មវិធីបានចាក់ផ្សាយដល់វគ្គផ្ដាច់ព្រ័ត្រ និង ប្រកាសម្ចាស់ពានថ្មីនេះដែរ មហាជនអ្នកគាំទ្រតាមដានកម្មវិធី MasterChef Cambodia រដូវកាលទី ៣ បានបង្ហាញការអបអរដោយក្ដីស្រឡាញ់ពេញចិត្តខ្លាំង ព្រោះលោក ឃួន សំអន ជាបេក្ខជនដ៏លេចធ្លោពីមួយសប្ដាហ៍ទៅមួយសប្ដាហ៍ មានថ្វីដៃច្នៃប្រឌិតច្រើន ទាំងការតុបតែងចាន ទាំងរសជាតិ និង សមត្ថភាពនៃការចម្អិនល្អស័ក្តិសមក្លាយជាម្ចាស់ពាននេះ។
យ៉ាងណាមិញ ក្រោយពីក្លាយជាម្ចាស់ពានរង្វាន់ MasterChef Cambodia រដូវកាលទី ៣ នេះ ក្រឡេកមើលហ្វេសប៊ុករបស់លោក ឃួន សំអន ក៏បានបង្ហោះសារបង្ហាញការអរគុណដល់កម្មវិធី មហាជនអ្នកគាំទ្រ ក៏ដូចជាអ្នកជួយជ្រោមជ្រែងនៅពីក្រោយរូបលោក និង អ្នកជួយណែនាំផ្ដល់គំនិតល្អៗលើវិស័យម្ហូបអាហារដល់រូបលោក រហូតអាចទទួលបានជោគជ័យក្នុងកម្មវិធីដ៏ធំនេះដែរ។
អ្វីដែលធ្វើឱ្យមហាជនចាប់អារម្មណ៍ខ្លាំងទៀត ក្នុងការបង្ហោះនោះ សំអន ក៏បានទម្លាយឱ្យដឹងរឿងមួយពាក់ព័ន្ធនឹងជីវិតឯកជន និង ការតស៊ូរបស់លោក ដែលកន្លងមកលោកបានតស៊ូបន្តការសិក្សានៅភ្នំពេញ ហើយបានស្នាក់នៅវត្តបទុមវតីដើម្បីសិក្សារៀនសូត្ររហូតដល់បញ្ចប់ថ្នាក់បរិញ្ញាបត្រ។
ក្នុងនោះ លោក ឃួន សំអន បានរៀបរាប់ថា ៖ «ខ្ញុំសូមថ្លែងអំណរអរគុណដល់កម្មវិធី MasterChef Cambodia ដែលបានធ្វើឱ្យខ្ញុំស្គាល់ និង រកខ្លួនឯងឃើញកាន់តែច្បាស់ ហើយក៏ជាឱកាសមួយដ៏ធំធេងសម្រាប់ខ្ញុំ។ សូមអរគុណទៅដល់គណៈកម្មការទាំង ៣ រូប Ren Nara Jessica Elite @Sun Menghy ដែលបានណែនាំពន្យល់តាំងពីចាប់ផ្តើមរហូតមកដល់ចុងបញ្ចប់នៃកម្មវិធី! អរគុណដល់បងប្អូនទាំងអស់គ្នា ដែលតែងតែគាំទ្រ និង ស្រឡាញ់ ហើយចង់ឱ្យខ្ញុំកាន់ពាន Masterchef រដូវកាលទី៣។ អ្នកដែលផ្តល់ឱកាសឱ្យខ្ញុំបានស្នាក់នៅក្នុងវត្តដើម្បីសិក្សារៀនសូត្ររហូតដល់បញ្ចប់ថ្នាក់បរិញ្ញាបត្រ ព្រះអង្គគ្រូ (ស៊ឹម សេង) កុដិ ៣៥ វត្តបទុមវតី! អ្នកដែលណែនាំដ៏ល្អរបស់ខ្ញុំ គឺបងស្រី Pech Sreynoch ប៉ិច ស្រីណុច! ចំពោះអ្នកដែលធ្វើឱ្យខ្ញុំចង់ដើរលើវិស័យម្ហូបអាហារ ជាពិសេសទៅលើវិស័យម្ហូបអាហាររបស់ខ្មែរនោះគឺ បងស្រី Chef Nak។ ការបង្ហាញផ្លូវ ការណែនាំល្អៗរបស់បងពិតជាមានតម្លៃណាស់សម្រាប់ប្អូន! អ្នកដែលខ្ញុំមិនលើកយកមកនិយាយមិនបាននោះគឺ (ឪពុក និងម្តាយរបស់ខ្ញុំ) ដែលឈរចាំនៅពីក្រោយ ដើម្បីលើកទឹកចិត្តផ្តល់កម្លាំងចិត្ត ជ្រោមជ្រែង កន្លងមក!»៕