ក្តៅគគុក! រឿង «ម៉ែយួរ» សម្ដែងដោយ Mai Davika ទើបនឹងបញ្ចាំង ឥលូវផ្ទុះរិះគន់ប្រឈមបិទផ្សាយ ក្រោយមានឈុតធ្វើបាបសត្វឆ្មា
ក្រោយពីចាក់ផ្សាយមិនទាន់បានប៉ុន្មានផង ពេលនេះរឿងភាគ «The Empress of Ayodhaya» ឬ «ម៉ែយួរ» របស់បុស្តិ៍ One31 ដែលមានតារាស្រី Mai Davika ជាតួអង្គ កំពុងតែរងការរិះគន់យ៉ាងក្តៅគគុកនៅក្នុងប្រទេសថៃ ដែលអាចប្រឈមនឹងការបញ្ឈប់ការបញ្ចាំងផ្សាយ ព្រោះតែមានឈុតឆាកទារុណកម្មទៅលើសត្វឆ្មា។
នៅក្នុងវគ្គទី ៥ នៃរឿងមានឈុតដែលតួអង្គត្រូវពិសោធថ្នាំពុល ហើយក្នុងនោះគេបានយកសត្វឆ្មាពិតៗមកសម្តែង ដោយបានចាក់ថ្នាំសន្លប់ឱ្យវា ហើយធ្វើឱ្យប្រកាច់ដូចជាត្រូវថ្នាំពុលមែនទែន។ នៅត្រង់នេះមហាជនជាច្រើនឃើញហើយពិតជាទទួលយកមិនបានឡើយ ដោយយល់ថានេះគឺជាការធ្វើទារុណកម្មដល់សត្វ ហើយម្នាក់ៗក៏ប្រតិកម្មនាំគ្នាគាំទ្រមិនឱ្យរឿងភាគនេះចាក់បញ្ជាំងតទៅទៀតផងដែរ។
ដោយឡែក ប៉ុស្តិ៍ One31 បានឱ្យដឹងថា ខណៈថតឈុតនោះ គឺមានពេទ្យសត្វចាំនៅជួយជានិច្ច ហើយមកទល់ពេលនេះសត្វឆ្មាមួយក្បាលនោះក៏នៅរស់ និង មានសុខភាពល្អជាធម្មតាមិនគួរឱ្យបារម្ភអ្វីឡើយ ប៉ុន្តែមហាជននៅតែមិនសុខចិត្ត និង ទាមទារឱ្យមានការបញ្ឈប់ចាក់ផ្សាយរឿងនេះតែម្តង៕