ផ្អើលអ្នកគាំទ្របារម្ភព្រាត ក្រោយឃើញ Ariana Grande ធ្លាក់ខ្លួនស្គមទៅៗ រហូតឃើញឆ្អឹងច្បាស់ៗ
ថ្មីៗនេះ តារាចម្រៀង Ariana Grande បានបង្ហាញវត្តមានចូលរួមសម្ពោធការចាក់បញ្ចាំងរឿង «Wicked» ដែលជាភាពយន្តមួយរូបនាងបានចូលរួមសម្ដែងដែរនោះ។ យ៉ាងណាមិញ ការបង្ហាញខ្លួនរបស់តារាស្រីវ័យ ៣១ ឆ្នាំរូបនេះដែរបានធ្វើឱ្យមហាជនអ្នកគាំទ្រជាច្រើនចាប់អារម្មណ៍ខ្លាំងលើរូបរាងរបស់នាង។
អំឡុងពេលចូលរួមកម្មវិធីនោះ តារាចម្រៀងស្រីដ៏ល្បីឈ្មោះរូបនេះបានស្លៀករ៉ូបពណ៌សវាលទ្រូង បង្ហាញពីរូបរាងដ៏ស្លីមស្រឡូនរបស់នាង។ ទោះជាយ៉ាងណា រូបរាងបច្ចុប្បន្នរបស់នាងពេលនេះ បានធ្វើឱ្យអ្នកគាំទ្របង្ហាញក្ដីបារម្ភចំពោះសុខភាពរូបនាងជាខ្លាំងក៏ព្រោះតែនាងកាន់តែស្គមជាងមុនទៅទៀត ឯដងខ្លួនវិញមើលឃើញឆ្អឹងយ៉ាងច្បាស់ៗ។
មហាជននាំគ្នាបញ្ចេញមតិវែកញែកពេញបណ្ដាញសង្គម ដោយអ្នកខ្លះនិយាយថា ៖ «នាងមើលទៅសល់តែស្បែកដណ្ដប់ឆ្អឹង» «Ariana មើលទៅស្គមខ្លាំងមិនមានសុខភាពល្អសោះ» «ខ្ញុំដឹងថានាងមានរូបរាងស្លឹមរហូតមកហើយ ប៉ុន្តែឃើញសភាពនាងពេលនេះគឺគួរឱ្យបារម្ភណាស់ នាងមើលទៅកាន់តែតូចជាងមុនទៅទៀត» ខណៈម្នាក់ទៀតបង្ហាញប្រតិកម្មដែរថា៖ «ខ្ញុំសង្ឃឹមថានាងមិនអីទៅចុះ»។
គួររំឭកដែរថា កាលពីខែមេសា ឆ្នាំ ២០២៣ កន្លងទៅ តារាចម្រៀង Ariana Grande ធ្លាប់បានឆ្លើយតបទៅកាន់អ្នកដែលរិះគន់លើរូបរាងរបស់នាង ដោយនាងនិយាយថានាងមានសុខភាពល្អណាស់ ក្រោយមានអ្នកយករូបភាពនាងពីមុនមកប្រៀបធៀបគ្នា៕