(វីដេអូ) អ្នកគាំទ្រកាន់តែសង្ឃឹម ពេលឃើញ ប្រាសាទ ដាវីន ចេញពី Closed door interview វិញ ញញឹមជឿជាក់ខ្លាំង
ក្នុងដំណើរការនៃការប្រកួតបវរកញ្ញាលំដាប់ពិភពលោក Miss Universe 2024 លើកទី ៧៣ នៅប្រទេសម៉ិកស៊ិក កាន់តែកៀកថ្ងៃប្រកួតវគ្គផ្តាច់ព្រ័ត្រហើយ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០២៤ ខាងមុខនេះ។
យ៉ាងណាមិញ មុននឹងឈានដល់ថ្ងៃប្រកួតវគ្គផ្ដាច់ព្រ័ត្រនេះដែរ នៅព្រឹកថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០២៤ នេះ កម្មវិធី Miss Universe 2024 ក៏បានរៀបចំ Closed door interview ដែលកម្មវិធីតម្រូវឱ្យបេក្ខភាពបវរកញ្ញានីមួយៗចូលសម្ភាសផ្ទាល់ជាមួយនឹងគណៈកម្មការរបស់ MU 2024។
នៅក្នុងវគ្គ Closed door interview នេះដែរ ក្រឡេកមកមើលបវរកញ្ញាកម្ពុជា អ្នកនាង ប្រាសាទ ដាវីន វិញ ក៏បានចូលធ្វើការសម្ភាសរួចរាល់ហើយដែរ ជាមួយនឹងឈុតសម្លៀកបំពាក់ដ៏ស្រស់ស្អាត ដោយគេបានឃើញបវរកញ្ញារូបនេះចេញពីបន្ទប់សម្ភាសវិញពោរពេញដោយស្នាមញញឹម និង ជឿជាក់ខ្លាំង។
លើសពីនេះ អ្នកនាង ប្រាសាទ ដាវីន ក៏បានឡាយវីដេអូនិយាយជាមួយអ្នកគាំទ្ររៀបរាប់ខ្លះៗទាក់ទងនឹងការសម្ភាសជាមួយគណៈកម្មការ ដែលអ្នកនាងបានឆ្លើយអស់ពីចិត្តទៅកាន់គណៈកម្មការ ហាក់ដូចសង្ឃឹមល្អច្រើន កំពុងធ្វើឱ្យអ្នកគាំទ្រកម្ពុជារំភើបចិត្ត និង កាន់តែរំពឹងខ្ពស់ចំពោះអ្នកនាងថានឹងអាចទទួលបានលទ្ធផលល្អក្នុងកម្មវិធីដ៏អស្ចារ្យមួយនេះ៕