Song Jae Rim សង្ស័យធ្វើអត្ត.ឃា-តខ្លួនឯង ក្រោយប៉ូលិសរកឃើញសំបុត្របណ្ដាំនៅកន្លែងកើតហេតុ
ដំណឹងមរណភាពភ្លាមៗរបស់តារាសម្ដែងកូរ៉េដ៏ល្បី Song Jae Rim ក្នុងវ័យ ៣៩ ឆ្នាំ បានធ្វើឱ្យបណ្ដាអ្នកគាំទ្រវិស័យ K-drama ជាច្រើនតក់ស្លុតរន្ធត់ចិត្តជាខ្លាំង។
បើតាម TV Daily បានឱ្យដឹងថា តួប្រុសក្នុងរឿង «The Moon Embracing the Sun» រូបនេះ ត្រូវបានប្រទះឃើញស្លាប់កាលពីរសៀលថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២៤ កន្លងទៅ នាផ្ទះរបស់លោកផ្ទាល់ក្នុងសង្កាត់ Seongdong ក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។ នៅទីតាំងកើតហេតុនោះដែរ ប៉ូលិសក៏បានរកឃើញសំបុត្របណ្ដាំសរសេរលើក្រដាស A4 ចំនួន ២ ទំព័រផងដែរ។ យ៉ាងណាមិញ ចំពោះមូលហេតុនៃការស្លាប់របស់លោក ខាងក្រុមគ្រួសារមិនទម្លាយបញ្ជាក់នៅឡើយទេ។
គួរបញ្ជាក់ថា ពិធីបុណ្យសពរបស់តារាសម្ដែង Song Jae Rim នឹងរៀបចំធ្វើឡើងនៅវេលាម៉ោង ១២ ថ្ងៃត្រង់ ថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២៤ ខាងមុខ (ពេលវេលាក្នុងតំបន់) នាបន្ទប់លេខ ២ នៃទីតាំងរៀបចំបុណ្យសព Mary’s Hospital Funeral Home ក្នុងតំបន់ Yeouido ហើយមឈូសរបស់លោកនឹងយកទៅបញ្ចុះនៅកន្លែងបញ្ចុះសព Seunhwawon ក្រុងសេអ៊ូល៕