ត្រូវគេដៀលស្ពឹកមុខពេក Mai Davika សង្វាតធ្វើរឿងក្ដៅគគុកមួយតបតវិញ ក្រោយផ្ទុះការរិះគន់ឈុតធ្វើបាបឆ្មា
មកទល់ពេលនេះ មហាជននៅថៃកំពុងតែផ្ទុះកំហឹងឆេះឆួលខ្លាំងនៅឡើយ ទាក់ទងនឹងរឿងភាគ «The Empress of Ayodhaya» ឬ «ម៉ែយួរ» របស់ទូរទស្សន៍ប៉ុស្តិ៍ One31 ដែលបានយកសត្វឆ្មាពិតៗមកសម្តែងក្នុងឆាកសាកថ្នាំបំពុល ដោយបានចាក់ថ្នាំសន្លប់ឱ្យវាប្រកាច់ដូចជាមែនទែន។
ក្នុងនោះដែរ មហាជនកំពុងតែនាំគ្នាស្ទុះស្ទាគាំទ្រឱ្យបញ្ឈប់ការចាក់បញ្ចាំងរឿងនេះ ព្រមទាំងអំពាវនាវឱ្យអង្គភាពពាក់ព័ន្ធទាំងឡាយចូលទៅស៊ើបអង្កេតស្រាវជ្រាវ ព្រោះម្នាក់ៗទទួលយកមិនបានឡើយ ដោយយល់ថានេះគឺជាការធ្វើទារុណកម្មសត្វដែលគួរឱ្យពិបាកមើលបំផុត។ ចំណែក តារាស្រី Mai Davika ដែលជាតួអង្គឯកវិញ នាងក៏បានចេញមុខមកស្រាយ និង បញ្ចេញការយល់ឃើញរបស់ខ្លួនចំពោះរឿងនេះដែរ ប៉ុន្តែមហាជនបែរជារឹតតែមិនពេញចិត្ត និង កាន់តែខឹងសម្បា ហើយក៏មានអ្នកខ្លះបាននាំគ្នាចូលទៅខមិនជេរដៀលនាងយ៉ាងអសុរោះ។
យ៉ាងណាមិញ តារាស្រីរូបនេះក៏មិននៅស្ងៀមចំពោះការជេរដៀលទាំងនោះដែរ ដោយនាងបានឱ្យដឹងតាមរយៈបណ្តាញសង្គម X ថា នាងកំពុងពិចារណារឿងប្តឹងអ្នកដែលជេរនាងទាំងអស់ ហើយនាងនឹងយកលុយទៅបរិច្ចាគឱ្យអង្គការសង្រ្គោះសត្វ នាងមិនធ្លាប់ប្តឹងនរណាពីមុនទេ ប៉ុន្តែលើកនេះមានអ្នកនៅជុំវិញខ្លួនគាំទ្រឱ្យប្តឹងច្រើន នាងក៏បានសុំឱ្យអ្នកគាំទ្រជួយប្រមូលភស្តុតាងផ្ញើឱ្យនាងផងដែរ ដោយនាងកំពុងតែព្យាយាមរកមេធាវីដើម្បីជួយដោះស្រាយ៕
ប្រភព៖ Khaosod