ធ្ងន់-កហើយ! អង្គភាពគាំពារសត្វនៅថៃ ចេញលិខិតក្ដៅគគុកមួយឱ្យអ្នកដឹកនាំរឿង «ម៉ែយួរ» ករណីមានឈុតធ្វើបាបឆ្មាក្នុងរឿង
កំហឹងរបស់មហាជនថៃនៅមិនទាន់ស្ងប់នៅឡើយទេ ទាក់ទងនឹងរឿងភាគ «The Empress of Ayodhaya» ឬ «ម៉ែយួរ» របស់ទូរទស្សន៍ប៉ុស្តិ៍ One31 ដែលបានយកសត្វឆ្មាពិតៗមកសម្តែងក្នុងឆាកសាកថ្នាំបំពុល ដោយបានចាក់ថ្នាំសន្លប់ឱ្យវាប្រកាច់ដូចជាមែនទែន។
ក្នុងនោះ មហាជនថៃមានប្រតិកម្មយ៉ាងខ្លាំងចង់ឱ្យបញ្ចប់ការចាក់រឿងនេះ និង ត្រូវការឱ្យអ្នកសម្តែង ព្រមទាំងក្រុមការងារចេញមកទទួលខុសត្រូវឱ្យខាងនតែបាន។ យ៉ាងណាមិញ ខាងប៉ុស្តិ៍ទូរទស្សន៍ One31 ក៏បានចេញមុខបកស្រាយ រីឯអ្នកសម្តែងមួយចំនួនក៏បានចេញមុខដូចគ្នា ប៉ុន្តែកំហឹងមហាជននៅតែបន្តកាន់តែក្តៅគគុក រហូតដល់នាយកដ្ឋានអភិវឌ្ឍន៍ និង ការពារបសុសត្វរបស់ថៃ បានផ្ញើលិខិតទៅឱ្យអ្នកដែលពាក់ព័ន្ធចូលមកបកស្រាយសាជាថ្មី។
មិនយូរប៉ុន្មាន លោក Sant Srikaewlaw ដែលជាអ្នកដឹកនាំរឿងនេះ បានចេញមុខបកស្រាយដោយលោកពិតជាមានការសោកស្តាយយ៉ាងខ្លាំងចំពោះកំហុសមួយនេះ លោកនឹងទុកវាជាមេរៀនមួយដើម្បីក្រើនរំលឹកកុំឱ្យមានការកើតឡើងនៅថ្ងៃមុខទៀត ហើយលោកក៏ពេញចិត្តរួមសហការជាមួយនឹងអង្គភាពដែលពាក់ព័ន្ធទាំងឡាយឱ្យចូលមកពិនិត្យស្រាវជ្រាវក្នុងករណីនេះផងដែរ៕
ប្រភព៖ Khaosod