(វីដេអូ) ម្ចាស់ដើម! ត្រង់ការបង្ហាញឈុតតំណាងជាតិ ប្រាសាទ ដាវីន បានបញ្ចេញឫទ្ធានុភាពនៃក្នុងនាមអាទិទេពខ្មែរដល់ពិភពលោកយ៉ាងអស្ចារ្យ
កាលពីព្រឹកថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០២៤ នេះ កម្មវិធីប្រកួតសម្រស់ដ៏ធំ Miss Universe ដែលកំពុងដំណើរការប្រកួតនៅប្រទេសម៉ិកស៊ិកនោះ បានឈានដល់វគ្គប្រកួតបឋមហើយ។
ក្នុងវគ្គប្រកួតបឋមនោះ គេសង្កេតឃើញមានការបង្ហាញនៅឈុតតំណាងជាតិ ឈុតហែលទឹក និង ឈុតរាត្រីសមោសរផងដែរ ដោយបវរកញ្ញាតំណាងប្រទេសនីមួយៗ បានបញ្ចេញសមត្ថភាព និង ភាពជឿជាក់រៀងខ្លួនដើម្បីទាក់ទាញចំណាប់អារម្មណ៍ពីគណៈកម្មការឆ្ពោះទៅកាន់ការឈ្នះមកុដនាពេលខាងមុននេះ។
ងាកទៅមើលបវរកញ្ញាតំណាងប្រទេសកម្ពុជា គឺអ្នកនាង ប្រាសាទ ដាវីន ក្នុងវគ្គប្រកួតបឋមនេះដែរ អ្នកនាងបានបង្ហាញចេញយ៉ាងល្អ និង មានភាពជឿជាក់ខ្លាំង ជាពិសេសក្នុងការបង្ហាញឈុតតំណាងជាតិខ្មែរឈ្មោះ អាទិទេពនៃសម័យកណ្ដាល ឬ God of the Middle Period ដែលបង្កឱ្យមានការភ្ញាក់ផ្អើលក្នុងស្រទាប់មហាជន ទាំងក្នុង និង ក្រៅប្រទេស។
អ្វីដែលពិសេសកាន់តែខ្លាំង គឺក្នុងពេលដើរបង្ហាញ អ្នកនាង ប្រាសាទ ដាវីន បានបញ្ចេញកាយវិការលើកដៃទាំងពីរពោរពេញដោយឫទ្ធិអំណាចក្នុងនាមជាអាទិទេពយ៉ាងអស្ចារ្យ ធ្វើឱ្យមហាជនដែលបានទស្សនាព្រឺសម្បុរ និង លើកសរសើរមិនដាច់ពីមាត់។
គួរឱ្យដឹងដែរថា ឈុតតំណាងជាតិខ្មែរ ដែលអ្នកនាង ប្រាសាទ ដាវីន គ្រងបង្ហាញលើឆាត Miss Universe លើកទី ៧៣ នៅឯប្រទេសម៉ិកស៊ិក នោះមានឈ្មោះ អាទិទេពនៃសម័យកណ្ដាល ឬ God of the Middle Period។
ឈុតនេះបានដកស្រង់ និង ច្នៃប្រឌិតចេញពីបដិមានៅក្នុងសម័យកណ្ដាល (ឬសម័យក្រោយអង្គរ ឬលង្វែក) ដែលជាសម័យកាលមួយដ៏រុងរឿងមួយបន្ទាប់ពីសម័យអង្គរ។ ឈុតនេះបង្ហាញពីអំណាច ភាពខ្ពង់ខ្ពស់នៃអាទិទេព និង សិល្បៈដ៏សម្បូរបែបរបស់ខ្មែរ។
ចម្លាក់បដិមាឆ្លាក់ពីឈើ អមដោយក្បាច់ក្បូរល្អប្រណីត ជាពិសេសលើសម្លៀកបំពាក់ និង គ្រឿងអលង្ការ ដែលអាចឃើញនៅក្នុងសារមន្ទីរជាតិ និង សារមន្ទីរអង្គរខេត្តសៀមរាប ហើយក៏បានចងក្រងនៅក្នុងសៀវភៅ ដែលកត់ត្រាលោកស្រី Madeleine Giteau ផងដែរ៕