មកដឹងប្រវត្តិធ្លាប់ល្បីល្បាញ រហូតធ្លាក់ខ្លួនឈឺរបស់តារាចម្រៀងយ៉េយ៉េ អ៊ុំ គន្ធា មុនលាចាកលោក
កាលពីថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០២៤ កន្លងទៅនេះ អ្នកគាំទ្រតារាចម្រៀងកាលពីអំឡុងឆ្នាំ ១៩៩០ និង សិល្បករជំនាន់មុនជាច្រើនមានក្តីរន្ធត់យ៉ាងខ្លាំង ក្រោយទទួលបានដំណឹងមរណភាពរបស់អតីតតារាចម្រៀងយ៉េយ៉េ អ៊ុំ គន្ធា ពីការជម្រាបដំណឹងពីអ្នកនាង ខាត់ សុឃីម និង លោក អ៊ឹម ជីវ៉ា។ ក្នុងនោះ មហាជន និង សិល្បករជាច្រើនក៏បានចូលរួមរំលែកទុក្ខ និង សោកស្តាយនៃការបាត់បង់អតីតតារាចម្រៀងស្រីរូបនេះផងដែរ។
ដោយឡែក ក្រឡេកទៅមើលរឿងរ៉ាវរបស់អ្នកនាង អ៊ុំ គន្ធា ឯណោះវិញ អាចនឹងមានយុវជនជំនាក់ក្រោយមិនបានស្គាល់រូបនាងនោះឡើយ តែយ៉ាងណាអ្នកគាំទ្រជំនាន់មុនពិតជាស្គាល់ច្បាស់ តារាចម្រៀងយ៉េយ៉េ អំឡុងឆ្នាំ ១៩៩៨ អ្នកនាង អ៊ុំ គន្ធា មិនខាន ក៏ព្រោះភាពល្បីល្បាញរបស់អ្នកនាង។
គេចាំបានថា មុននឹងលាចាកលោក អ្នកនាង អ៊ុំ គន្ធា បានបាត់មុខលើវិថីសិល្បៈ ១០ ឆ្នាំមកហើយ ដោយមុនចាកឆ្ងាយពីវិថីដ៏រីករាយនេះ អ្នកនាងគឺជាអតីតប្រពន្ធរបស់តារាចម្រៀង លោក ផាន សុផាត។ ក្រោយចែកផ្លូវគ្នាដើររៀងខ្លួន អ្នកនាង អ៊ុំ គន្ធា ទទួលបន្ទុកមើលថែកូន ២ នាក់ ដែលបច្ចុប្បន្នកូនៗអ្នកនាងមិនបានទទួលការរៀនសូត្រគ្រប់គ្រាន់នោះឡើយ។
កាលនោះ ជីវភាពកាន់តែលំបាកទៅ អតីតតារាស្រីរូបនេះបានធ្លាក់ខ្លួនដើរបេះត្រកួន រាវក្ដាម រាវខ្យង ដើម្បីរកលុយចិញ្ចឹមកូន ទោះបីខ្លួនមានជំងឺក៏ដោយ។ ម្យ៉ាងវិញទៀត អ្នកនាង អ៊ុំ គន្ធា ក្រោយពីបានកើតជំងឺសង្គមរយៈពេល ១៨ ឆ្នាំមកនេះ ធ្វើឱ្យនាងគេចខ្លួនពីវិស័យសិល្បៈទាំងស្រុង។
យ៉ាងណាមិញ ប៉ុន្មានឆ្នាំចុងក្រោយ អ្នកនាង អ៊ុំ គន្ធា ក៏បានលេចវត្តមានជាថ្មីលើបណ្តាញសង្គម ដោយកាលនោះមានសប្បុរសធម៌ សិល្បករជាច្រើនបានជួយដល់អ្នកនាង ដោយការបរិច្ចាគជាថវិកា សម្ភារប្រើប្រាស់ និង ទំនុកបម្រុងការសិក្សាដល់កូនៗអ្នកនាងទៀតផង។ តែជាអកុសល ក្រោយបាត់មុខជាថ្មី កាលពីថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០២៤ កន្លងទៅនេះ អ្នកនាង អ៊ុំ គន្ធា ក៏បានទទួលមរណភាពហើយ៕