ប្រាសាទ ដាវីន បើកទ្វារកម្ពុជាចូល Top30 ត្រូវអ្នកគ្រប់គ្រង MUC ថ្មី ផុសសារដ៏មានអត្ថន័យមួយ
កម្មវិធីប្រកួតសម្រស់លំដាប់ពិភពលោក Miss Universe 2024 លើកទី ៧៣ ដែលប្រព្រឹត្តឡើងនៅប្រទេសម៉ិកស៊ិក នៅថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០២៤ (ពេលវេលាក្នុងតំបន់) បានរកឃើញម្ចាស់ជ័យលាភីគ្រងមកុដ Miss Universe ប្រចាំឆ្នាំ ២០២៤ ហើយ គឺបានទៅលើបរវកញ្ញាមកពីប្រទេស Denmark។
ក្នុងវគ្គប្រកាសលទ្ធផលផ្ដាច់ព្រ័ត្រនេះដែរ ចំពោះបវរកញ្ញាកម្ពុជាយើង គឺអ្នកនាង ប្រាសាទ ដាវីន ក៏បានធ្វើឱ្យមហាជនអ្នកគាំទ្រវិស័យបវរកញ្ញាកម្ពុជាពិតជាមានក្ដីរំភើប និង មោទកភាពខ្លាំងបំផុតចំពោះអ្នកនាង ខណៈកម្មវិធីបានប្រកាសកម្ពុជាចូលក្នុង Top 30 នាក់ចុងក្រោយ។
ដ្បិតតែបវរកញ្ញារូបនេះ មិនមានឱកាសបោះជំហានចូល Top 12 ប៉ុន្តែនាងក៏បានបំបែកកំណត់ត្រាប្រវត្តិសាស្រ្តរបស់កម្ពុជាអាចឈានចូល Top ក្នុងកម្មវិធីលំដាប់ពិភពលោកដ៏អស្ចារ្យនេះជាលើកដំបូងសម្រាប់ប្រទេសកម្ពុជា ដែលជាទីមោទកភាពបំផុតសម្រាប់វិស័យបវរកញ្ញាកម្ពុជាផងដែរ។
យ៉ាងណាមិញ ក្រោយពីបានបញ្ចប់ការប្រកួតយ៉ាងរលូន ប្រាសាទ ដាវីន ចុះពីលើឆាកភ្លាម មហាជនអ្នកគាំទ្រ ក៏ដូចជាអ្នកសិល្បៈជាច្រើនបានផ្ទុះការចែករំលែកអបអរ និង បង្ហាញក្ដីរំភើបពេញដោយមោទកភាពចំពោះស្ដ្រីកម្ពុជាដ៏មានសក្កានុពលរូបនេះ។
ក្នុងនោះដែរ ក្រឡេកទៅមើលហ្វេសប៊ុកផេករបស់អ្នកគ្រប់គ្រង MUC ថ្មី គឺលោក Chhoy D. Archi ក៏បានបង្ហោះសារយ៉ាងមានន័យក្នុងនាមជាអ្នកគ្រប់គ្រងស្ថាប័ន MUC ទៅកាន់បវរកញ្ញារបស់ខ្លួន គឺអ្នកនាង ប្រាសាទ ដាវីន ដែលបានលើកឡើងបង្ហាញការអបអរ និង មោទកភាពចំពោះបវរកញ្ញារូបនេះខ្លាំង។
ក្នុងនោះ លោក Chhoy D. Archi បានរៀបរាប់ថា ៖ «ការធ្វើដំណើរមកកាន់ចក្រវាល ដាវីន មិនមែនត្រឹមតែបំពេញក្ដីស្រមៃខ្លួនឯងប៉ុណ្ណោះទេ តែនាងបានបំពេញក្ដីស្រមៃមនុស្សជាច្រើននាក់ ជាពិសេសក្រុមអ្នកគាំទ្រជាទីស្រឡាញ់របស់នាង រួមទាំងរូបខ្ញុំម្នាក់ដែរ! អរគុណ Davin Prasath ដែលធ្វើឱ្យក្ដីស្រមៃពួកយើងក្លាយជាការពិត និង ពោរពេញដោយមោទកភាព!»៕