(វីដេអូ) ផ្ទុះការរិះគន់! ធ្លាយវីដេអូម្ចាស់មកុដ MGI 2024 ញ៉ាំសណ្ដែកដីហើយនិយាយបញ្ឆិតបញ្ឆៀង មិនស័ក្តិសមក្នុងនាមជាបវរកញ្ញានាំសន្តិភាព
ថ្មីៗនេះ លើបណ្ដាញសង្គមហ្វេសប៊ុក និង Tiktok មានមហាជនអ្នកគាំទ្រវិស័យបវរកញ្ញាកម្ពុជាជាច្រើន កំពុងផ្ទុះចាប់អារម្មណ៍ និង វែកញែកជាថ្មីដោយបង្ហាញការហួសចិត្តខ្លាំង ក្រោយពីបានឃើញវីដេអូខ្លីមួយនៃសកម្មភាពរបស់ម្ចាស់មកុដថ្មី MGI 2024 មកពីប្រទេសឥណ្ឌានោះ អង្គុយញ៉ាំសណ្ដែកដី ហើយបាននិយាយទាក់ទងនឹងរឿងសណ្ដែកដីដោយមានចេតនាឌឺដងមកកាន់កម្ពុជា។
ក្នុងវីដេអូនោះ ម្ចាស់មកុដថ្មី MGI 2024 ឈ្មោះ Rachel បាននិយាយឆ្លើយឆ្លងនឹងនារីជនជាតិថៃម្នាក់ ហើយនារីនោះបានហុចសណ្ដែកដី និង បានសួរនាង Rachel ថាជាអ្វី? ភ្លាមនោះ នាង Rachel បាននិយាយជាភាសាអង់គ្លេសពីសណ្ដែកដីនោះ ប៉ុន្តែនារីជនជាតិថៃនោះបានប្រាប់នាងនូវពាក្យសណ្ដែកដីជាភាសាថៃ ហើយឱ្យនាង Rachel និយាយតាមជាមួយនឹងសំណើចសើចចំអក។ អ្វីដែលចាប់អារម្មណ៍នោះ គឺនាង Rachel ថែមទាំងបានលេបខាយដាក់ល្បោយសម្តីថា drama from Ccccc, Cam… ទៀតផង។
ក្រោយឃើញវីដេអូមួយនេះ មហាជនអ្នកគាំទ្រកម្ពុជា ក៏ដូចជាអ្នកសិល្បៈជាច្រើន កំពុងផ្ទុះការចែករំលែកខ្លាំង និង បានភ្ជាប់ជាមួយមតិវែកញែកហួសចិត្តខ្លាំងចំពោះបវរកញ្ញាឥណ្ឌា Rachel ដែលបានបង្ហាញទង្វើមិនសមស័ក្តិនឹងងារជាបវរកញ្ញាដែលនាំសន្តិភាព ដូចអ្វីដែលនាងបានលើកឡើងក្នុងការតស៊ូមតិខណៈពេលប្រឡង MGI ដែលមានគោលបំណងបញ្ឈប់អំពើហិង្សា និង សង្គ្រាមនោះ។ ជាពិសេសអ្នកគាំទ្រវិស័យបវរកញ្ញាកម្ពុជាមួយចំនួនខកចិត្តខ្លាំងដែរ ដែលធ្លាប់ស្រឡាញ់គាំទ្រនាង អំឡុងពេលនាងមកប្រកួតនៅខ្មែរមួយរយៈមុននោះទៀតផង៕
សូមទស្សនាវីដេអូខាងក្រោម៖