បញ្ចប់បេសកកម្មយ៉ាងមោទកភាព ប្រាសាទ ដាវីន ត្រៀមហោះមកមាតុភូមិវិញ ២ ថ្ងៃទៀត
ពិតណាស់ Miss Universe Cambodia 2024 អ្នកនាង ប្រាសាទ ដាវីន បានបញ្ចប់បេសកម្មរបស់ខ្លួនយ៉ាងរលូន ក្នុងការតំណាងប្រទេសកម្ពុជាចូលរួមប្រកួតលើឆាកអន្តរជាតិ Miss Universe 2024 លើកទី ៧៣ នៅប្រទេសម៉ិកស៊ិក កាលពីថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០២៤ កន្លងទៅ។
ក្នុងដំណើរការប្រកួតលើឆាកអន្តរជាតិដ៏អស្ចារ្យនេះ ប្រាសាទ ដាវីន បានធ្វើឱ្យមហាជនអ្នកគាំទ្រវិស័យបវរកញ្ញាកម្ពុជាមានតែក្ដីរំភើបចិត្ត និង មោទកភាពបំផុតចំពោះការខំប្រឹងប្រែងរបស់អ្នកនាង ដោយទទួលបានសមិទ្ធិផលដ៏ល្អៗពីកម្មវិធី ជាពិសេសគឺអ្នកនាងបានបើកទ្វារកម្ពុជាឈានជើងចូល Top Miss Universe យ៉ាងអស្ចា្យជាលើកដំបូងបំបែកកំណត់ត្រាប្រវត្តិសាស្រ្តកម្ពុជា។
ក្រោយបញ្ចប់បេសកម្មពេញដោយក្ដីមោទកភាពនេះដែរ ប្រាសាទ ដាវីន ក៏បានបន្តស្នាក់នៅលើទឹកដីម៉ិកស៊ិកប៉ុន្មានថ្ងៃ ដោយពេលនេះ អ្នកនាងបានជូនដំណឹងត្រៀមវិលត្រឡប់មកមាតុភូមិវិញហើយ ដែលនឹងឡើងយន្តហោះមកដល់កម្ពុជានៅល្ងាចថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ ២០២៤ វេលាម៉ោង ៦: ២៥ នាទី។
ជាមួយគ្នានោះ មហាជនអ្នកគាំទ្រជាច្រើនរបស់បវរកញ្ញា ប្រាសាទ ដាវីន ក៏កំពុងត្រៀមខ្លួនដើម្បីចាំទទួលស្វាគមន៍ និង បង្ហាញការអបអរដ៏កក់ក្ដៅនៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញចំពោះការវិលត្រឡប់មកប្រទេសវិញរបស់ Queen រូបនេះផងដែរ៕