(វីដេអូ) ទាត់ចោលតំណែងរងទី ២ ហើយ អតីត Miss Grand មីយ៉ាន់ម៉ា ក្លាយជាអ្នកតំណាងលក់សុទ្ធតែគ្រឿងពេជ្រ មានវាសនាខុសពីម្ចាស់មកុដ
ក្រោយពីមានរឿងមិនពេញចិត្តក្នុងការប្រកួត MGI 2024 កន្លងទៅ Thae Su Nyein ដែលជាបេក្ខនារីតំណាងឱ្យប្រទេសមីយ៉ាន់ និង បានឈ្នះតំណែងរងទី ២ MGI 2024 បានសម្រេចចិត្តបោះបង់ចោលតំណែងនេះ បង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។
យ៉ាងណាមិញ ក្រោយពីរឿងទាំងឡាយបានស្ងប់ទៅ ហើយថ្វីបើនាងបានបោះចោលតំណែងលំដាប់រងទី ២ របស់ MGI ពិតមែន តែនាងនៅតែទទួលបានការគាំទ្រពីមហាជនក្នុងស្រុក និង ក្រៅស្រុក ដោយនាងទទួលបានការងារជាហូរហែ ហើយពេលនេះនាងកំពុងទទួលបានការងារធ្វើជាអ្នកតំណាងលក់គ្រឿងអលង្កការ ពិសេសគ្រឿងពេជ្រដ៏មានតម្លៃទៀតផង។ ក្នុងនោះដែរ គេឃើញនាងអង្គុយប្រម៉ូដលក់គ្រឿងអលង្ការ និង ពេជ្រយ៉ាងស្រស់ស្អាតច្រើនម៉ូដច្រើនម៉ាក ជាមួយនឹង ND របស់នាងយ៉ាងសប្បាយរីករាយ។
ដោយឡែក ទន្ទឹមនឹងនេះមានមហាជនមួយចំនួនក៏បានយកនាងមកប្រៀបធៀបជាមួយនឹងម្ចាស់មកុដ MGI 2024 គឺនាង Rachel Gupta ផងដែរ។ ដោយមានអ្នកខ្លះយល់ថា Thae Su Nyein សុខចិត្តបោះចោលតំណែងរបស់ខ្លួន តែនាងទទួលបានការងារក្លាយជាអ្នកតំណាងលក់សុទ្ធតែគ្រឿងពេជ្រ ប៉ុន្តែម្ចាស់មកុដឯណោះវិញ បានត្រឹមតែទៅអង្គុយឡាយលក់នំចំណី អាហារត្រាំ ដំណាប់ ទឹកកាពិប្រហុក ជាដើម ជាមួយនឹងម្ចាស់ស្ថាប័នគឺលោក Nawat ទៅវិញ៕