សប្បាយខ្លាំងមិនខាន! បុណ្យភូមមានជើង ៣ ថ្ងៃ នៅមណ្ឌលគិរី នឹងបង្ហាញសិល្បៈវប្បធម៌តាមតំបន់សម្បូរបែបណាស់
នៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ មហោស្រពសិល្បៈ បុណ្យភូមិមានជើង នឹងប្រារព្ធឡើងយ៉ាងអធិកអធមលើទឹកដីខេត្តមណ្ឌលគិរី ពោលគឺចាប់ផ្តើមពីចាប់ពីថ្ងៃទី ២២ ដល់ ថ្ងៃទី ២៤ ខែវិច្ឆិកា ខាងមុខនេះ។ តាមរយៈមហោស្រពសិល្បៈ បុណ្យភូមិមានជើង វប្បធម៌ ប្រពៃណី ការរស់នៅ ម្ហូបអាហាររបស់បងប្អូនជនជាតិដើមភាគតិច នឹងត្រូវបង្ហាញនៅក្នុងកម្មវិធីរយៈពេលបីថ្ងៃ។ ក្នុងនោះភ្ញៀវទេសចរជាតិ និង អន្តរជាតិ ក៏បានស្គាល់ពីភាពអស្ចារ្យនៃសម្រស់ព្រៃភ្នំ ទឹកជ្រោះ ពិសេសតំបន់រមណីយដ្ឋានធម្មជាតិនានា ដែលមាននៅក្នុងខេត្តមណ្ឌលគិរី។
តស់! ឥលូវយើងមកមើលតិចមើលថាតើនៅក្នុងមហោស្រពសិល្បៈបុណ្យភូមិមានជើង មានលេងអ្វីខ្លះ…?
១. ថ្ងៃសុក្រ ទី ២២ ខែ វិច្ឆិកា
បុណ្យភូមិមានជើង នឹងរៀបចំពិធីបើក ព្រមទាំងមានការអបអរទិវាកុមារពិភពលោក នៅសាលាបឋមសិក្សា ពូលូង។
២. ថ្ងៃសៅរ៍ ទី ២៣ ខែវិច្ឆិកា នៅទីតាំងភូមិវប្បធម៌ជនជាតិដើមភាគតិច និង សួនដំរីដែកខេត្តមណ្ឌលគិរី
សកម្មភាព៖ ដំណើរឫស្សី, ហូបនំភូមិយើង, លេងល្បែងកម្សាន្តខ្មែរ, ពិសាសម្លព្រោង, ការបង្ហាញពិធីសាសនា និង ការកាប់ក្របីផឹកស្រា។ បោះបាល់ចូលសះ និង ការត្បាញក្រមាបែបជនជាតិដើមភាគតិច។ ការរាំរបាំប្រពៃណីជនជាតិដើមភាគតិច និង ទស្សនាការប្រគំតន្រ្តីនាពេលរាត្រី។
៣. ថ្ងៃអាទិត្យ ទី ២៤ ខែវិច្ឆិកា (នៅទីតាំង ភូមិវប្បធម៌ជនជាតិដើមភាគតិច)
ដំណើរជើងដំរី, លោតបាវ, ចងក្រមាបញ្ចុកចេក និង របាំជនជាតិដើមភាគតិចពូនង និង ការត្បាញក្រមាបែបជនជាតិដើមភាគតិច។ ការផ្លុំបាល់ស្រាពាង, ពង្រាត់កូនអ្នកភូមិ, ពិសាសម្លព្រោង, របាំប្រពៃណីជនជាតិដើមភាគតិច, ល្ខោនខោល, គុជរី, គុជរឹង និង របាំប្រពៃណីខ្មែរ៕