(វីដេអូ) រំភើប! ពេលនេះ សេដ្ឋីនីអារ៉ាប់រួម Mahra Lutfi ឡើងយន្តហោះចេញដំណើរមកប្រកួត MPI នៅទឹកដីកម្ពុជាហើយ
ពិតណាស់ ស្របពេលកម្មវិធីប្រកួត Miss Planet International លើកទី ៤ បើកបង្ហាញមុខ និង ណែនាំពីបេក្ខភាពបវរកញ្ញាតំណាងប្រទេសនីមួយៗ ដែលក្នុងនោះ មហាជនអ្នកគាំទ្រក៏ទទួលបានដំណឹងថាក្នុងចំណោមបេក្ខភាពបវរកញ្ញាចូលរួម ក៏ឃើញមាន Miss Planet មកពីប្រទេសអារ៉ាប់រួមផងដែរ។
អ្វីដែលធ្វើឱ្យមហាជនអ្នកគាំទ្រវិស័យបវរកញ្ញាកម្ពុជាមានការភ្ញាក់ផ្អើល និង រំភើបចិត្ត ខណៈបានដឹងថា Miss Planet ដែលនឹងត្រូវតំណាងប្រទេសអារ៉ាប់រួមចូលរួមប្រកួត Miss Planet International 2024 នៅកម្ពុជា ត្រូវបានគេស្គាល់ថាជាសេដ្ឋិនីមួយរូបក្នុងទីក្រុងឌូបៃឈ្មោះថា Dr. Mahra Lutfi។
Miss Planet ដែលជាមហាសេដ្ឋីឌូបៃរូបនេះ មិនត្រឹមតែមានរូបស្រស់ស្អាតខ្លាំងពេញដោយសមត្ថភាព និង ចំណេះដឹង តែនាងក៏បុគ្គលមានឈ្មោះល្បីល្បាញនៅក្នុងប្រទេស និង ធ្លាប់បានចូលរួមក្នុងកម្មវិធីធំៗជាច្រើនលំដាប់ពិភពលោក។ លើសពីនេះ ក្រឡេកទៅមើលគណនីអ៊ីនស្ដាក្រាមរបស់ Miss Planet តំណាងប្រទេសអារ៉ាបរួមរូបនេះ មានអ្នកចុច follow រហូតដល់ទៅជាង ៩ លាន ៩ សែននាក់ទៀតផង។
មកដល់ថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ២០២៤ នេះ កម្មវិធី Miss Planet International លើកទី ៤ ក៏បានចាប់ផ្ដើមដំណើរការដែលឃើញមានបេក្ខភាពបវរកញ្ញាជាច្រើនកំពុងធ្វើដំណើរមកកាន់ទឹកដីកម្ពុជាជួបជុំគ្នាចូលកងប្រកួត MPT 2024 នេះ។ ជាមួយគ្នានោះ ក៏បានឃើញបវរកញ្ញាតំណាងប្រទេសអារ៉ាប់រួម Dr. Mahra Lutfi ចេញដំណើរមកកាន់ទឹកដីកម្ពុជា ដើម្បីចូលរួមប្រកួតជាមួយបេក្ខភាពដទៃផងដែរ៕