អ្នកគាំទ្រក្ដៅឆេវ រិះគន់ផាំងៗលើសង្សារ Selena ក្រោយលោកបំបាក់មុខនាងជាសាធារណៈ ដើម្បីយកតែមខ្លួនឯង
ថ្មីៗនេះ អ្នកគាំទ្រជាច្រើនរបស់តារាចម្រៀងស្រី Selena Gomez បាននាំគ្នាផ្ទុះកំហឹង និង រិះគន់មិនសំចៃមាត់ទៅលើលោក Benny Blanco ដែលជាសង្សាររបស់នាង ក្រោយរូបលោកបានបំបាក់មុខនាងជាសាធារណៈក្នុងកិច្ចសម្ភាសមួយដោយលោកបានសារភាពក្ដែងៗថា Selena ជាអ្នកសុំលោកទាក់ទងគ្នាមុន។
ជាក់ស្ដែង កាលពីថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ ២០២៤ កន្លងទៅ អំឡុងពេលបង្ហាញខ្លួនធ្វើកិច្ចសម្ភាសជាមួយ Youtuber ល្បីឈ្មោះ Kai Cenat លោក Benny Blanco ដែលមានឈ្មោះពិតថា Benjamin Joseph Levin បាននិយាយរៀបរាប់ពីការណាត់ជួបគ្នាដំបូងជាមួយតារាចម្រៀងស្រី Selena Gomez មុននឹងឈានដល់ការទាក់ទងស្នេហាគ្នាជាផ្លូវការ។
ក្នុងកិច្ចសម្ភាសនោះ លោក Benny Blanco បាននិយាយរៀបរាប់ថា៖ «ថ្ងៃណាត់ជួបគ្នាលើកដំបូងរបស់យើងគឺគិតថាយើងសុំគ្នាទាក់ទងទៅវិញទៅមក ប៉ុន្តែនាងគឺជាអ្នកសុំខ្ញុំមុន វាពិតជាភ្ញាក់ផ្អើលមែនទែន។ នាងស្រាប់តែមកសុំទាក់ទងខ្ញុំ វាដូចថាយើងកំពុងជជែកគ្នាសុខៗ ហើយនាងក៏ចាប់ផ្ដើមនិយាយថា «តើលោកចង់ញ៉ាំអាហារពេលល្ងាចជាមួយគ្នាទេ?» ហើយខ្ញុំក៏ព្រមទៅញ៉ាំអាហារពេលល្ងាចជាមួយនាង។ ខ្ញុំជាមិត្តភក្តិនឹងនាងរាប់ឆ្នាំហើយ យើងជាមិត្តនឹងគ្នាប្រហែលជាង ១០ ឆ្នាំ អាចថា ១៥ ឆ្នាំ។ ខ្ញុំជួបនាងតាំងពីនាងនៅក្មេងម្ល៉េះ»។
លោកបានរៀបរាប់ទៀតថា៖ «…ខ្ញុំមិនបានចាប់អារម្មណ៍ឡើយថានេះជាការណាត់ជួបគ្នាដំបូងរបស់ពួកយើង ទើបក្រោយពេលនាងនិយាយថា៖ «ខ្ញុំគួរតែស្លៀកពាក់ខុសប្លែកពីនេះក្នុងថ្ងៃណាត់ជួបបែបនេះ» ហើយខ្ញុំក៏ភ្ញាក់ថា «ហ្ហាក ថាមិច? ពួកយើងកំពុង date គ្នា? ខ្ញុំអត់ដឹងខ្យល់អីសោះតែម្ដង។ ក្រោយមក នាងក៏បានចាកចេញទៅមុនព្រោះនាងត្រូវទៅកន្លែងផ្សេងទៀតដើម្បីថតវីដេអូនៅថ្ងៃបន្ទាប់។ ២ ថ្ងៃក្រោយ ពួកយើងក៏បានដើរលេងជាមួយគ្នា។ ខ្ញុំក៏គិតថា «អូ! នាងចូលចិត្តខ្ញុំហើយ» បន្ទាប់មកខ្ញុំក៏ថើបនាង ហើយទំនាក់ទំនងយើងក៏ចាប់ផ្ដើមតាំងពីពេលនោះមក»។
បើទោះជាស្ដាប់ដំបូងទៅវាជាការសារភាពស្នេហាឱ្យគ្នាដ៏ផ្អែមល្ហែម ប៉ុន្តែអ្នកគាំទ្ររបស់តារាចម្រៀង Selena ឯណោះវិញមិនគិតបែបនោះឡើយដោយពួកគេបែរជាកើតការមិនពេញចិត្តទៅវិញ ព្រោះថាសម្ដីដែល Benny Blanco និយាយរៀបរាប់ចេញទៅនោះ វាហាក់បំបាក់មុខ Selena។ ជាក់ស្ដែង អ្នកខ្លះបានលើកឡើងថា៖ «គាត់ចូលចិត្តបំបាក់មុខនាងណាស់» «ហេតុអីគាត់ត្រូវប្រាប់គេគ្រប់គ្នាពីរឿងនេះ» «គាត់បញ្ឈប់ការបំបាក់មុខនាងបែបនេះបាននៅ» «Selena គាត់កំពុងតែបំបាក់មុខនាងហើយ»៕