មុខមាត់ណាស់! លាវ វេងហួរ ត្រូវបានអញ្ជើញជាវាគ្មិនសំខាន់ ចែករំលែករបៀបតំណាងប្រទេស នៅសាកលវិទ្យាល័យដ៏ល្បីនៅតៃវ៉ាន់
នៅដើមខែធ្នូខាងមុខ លោក លាវ វេងហួរ ម្ចាស់ជ័យលាភីអន្តរជាតិកម្មវិធី Mister Friendship International 2023 នឹងហោះហើរទៅតៃវ៉ាន់ ដើម្បីចូលរួមកម្មវិធី Mister Friendship International 2024 ក៏ដូចជាផ្ទេរតំណែងសម្រាប់អ្នកឆ្នាំបន្ទាប់។ អ្វីដែលជាមុខមាត់សម្រាប់កម្ពុជាទៀតនោះ ថ្មីៗនេះលោកត្រូវបានស្ថាប័ន Mister Friendship International អញ្ជើញជាវាគ្មិនដ៏សំខាន់ចំណោមវាគ្មិនពីររូប ដើម្បីចូលរួមចែករំលែកក្នុងកម្មវិធី នៅសាកលវិទ្យាល័យល្បីមួយនៅតៃវ៉ាន់ផងដែរ។
ជាក់ស្តែង តាមការប្រកាសនៅលើទំព័រហ្វេសប៊ុក Mister Friendship International កម្មវិធីដែលលោកនឹងចូលរួមស្ថិតក្រោមប្រធានបទ “Standing Proud” ឬ «ឈរដោយមោទកភាព» ជាការចែករំលែកការយល់ដឹងអំពីរបៀបតំណាងឱ្យប្រទេសរបស់ខ្លួន ប្រកបដោយមោទកភាពនៅលើឆាកអន្តរជាតិ និង ភាពពាក់ព័ន្ធនៃកម្មវិធីប្រកួតសម្រស់របស់បុរស សម្រាប់យុវជនសម័យបច្ចុប្បន្ន។ កម្មវិធីធ្វើឡើងនៅថ្ងៃទី ០៦ ខែ ធ្នូ ឆ្នាំ ២០២៤ នៅកំពូលសាលាច្នៃម៉ូដរបស់តៃវ៉ាន់ នៃសាកលវិទ្យាល័យ Asia University នេះ មានវាគ្មិនតែពីររូបប៉ុណ្ណោះ គឺ លោក លាវ វេងហួរ ម្ចាស់ជ័យលាភីអន្តរជាតិកម្មវិធី Mister Friendship International 2023 និង លោក Songashim Rungsung ជាទូតសុឆន្ទៈនៃ Mister Friendship International។ ការចែករំលែកនេះ នឹងជាចំណែកមួយក្នុងការជំរុញដល់រលកថ្មី មិនថាអ្នកដឹកនាំ អ្នកបង្កើត និង អ្នកផ្លាស់ប្តូរ រួមទាំងសិស្សផ្នែកច្នៃម៉ូដហ្វេហ្សិនផងដែរ។
ទន្ទឹមនឹងការអញ្ជើញនេះ លោក លាវ វេងហួរ ក៏បានបង្ហាញអារម្មណ៍រំភើបជាមួយសារនៅលើទំព័រហ្វេសប៊ុករបស់ខ្លួន ដោយសរសេរយ៉ាងដូច្នេះថា៖ «ពិតជាត្រេកអរណាស់ដែលបានទទួលការអញ្ជើញពី Mister Friendship International ដើម្បីចែករំលែកការយល់ដឹងអំពីរបៀបតំណាងប្រទេសរបស់ខ្លួន ប្រកបដោយមោទកភាពនៅលើឆាកអន្តរជាតិនៅសាកលវិទ្យាល័យ Asia University, Taiwan!»៕