រំឭកប្រវត្តិមិនធម្មតារបស់ លោក លាវ វេងហួរ មុនពេលអ្នកឆ្នាំបន្ទាប់ឡើងតំណែង Mister Friendship International 2024
ដូចប្រិយមិត្តបានជ្រាប កាលពីឆ្នាំទៅមិញ លោក លាវ វេងហួរ បានបើកទំព័រប្រវត្តិសាស្ត្រ ធ្វើឱ្យកម្ពុជាក្លាយជាម្ចាស់ជ័យលាភីកម្មវិធី Mister Friendship International 2023។ កាន់តំណែងរយៈពេលមួយឆ្នាំ លោកហាក់មមាញឹកការងារទាំងក្នុង និង ក្រៅប្រទេស ហើយឆាប់ៗនេះលោកក៏នឹងឆ្ពោះទៅកាន់តៃវ៉ាន់ ដើម្បីចូលរួមអបអរម្ចាស់ជ័យលាភីឆ្នាំបន្ទាប់ផងដែរ។ ជាមោទកភាពមួយសម្រាប់កម្ពុជា ខណៈម្ចាស់តំណែងថ្មីនឹងត្រូវបានប្រកាស យើងសូមមករម្លឹកអំពីប្រវត្តិម្ចាស់តំណែងឆ្នាំ ២០២៣ កម្មវិធី Mister Friendship International គឺ លោក លាវ វេងហួរ ដូចខាងក្រោម។
តាមការលម្អិតនៅលើគេហទំព័រ Mister Friendship International លោក លាវ វេងហួរ បានកើត និង ធំធាត់នៅប្រទេសកម្ពុជា ក្រោមការចិញ្ចឹមបីបាច់ដោយលោកយាយរបស់លោក។ បន្ទាប់មកនៅអាយុ ១២ ឆ្នាំ លោកបានផ្លាស់ទៅរស់នៅសហរដ្ឋអាមេរិកជាមួយឪពុកម្តាយ ដែលពួកគាត់បានផ្លាស់ទីលំនៅទៅទីនោះមុន អស់រយៈពេលប្រមាណមួយទសវត្សរ៍។
កសាងជីវិតលើទឹកដីអាមេរិក លោក លាវ វេងហួរ ជាអត្តពលិក លោកបានចូលលេងក្នុងក្រុមបាល់ទាត់អាមេរិក ជាកីឡាករចំបាប់ ជាកីឡាករអត្តពលកម្មលើទីលានប្រណាំង គុនខ្មែរ និង កីឡាច្រើនប្រភេទទៀត។
ខណៈកំពុងសិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ University of Washington លោកបានឆ្លៀតធ្វើការក្រៅម៉ោង និង សន្សំលុយដើម្បីធ្វើដំណើរកម្សាន្តជុំវិញពិភពលោក។ ជាលទ្ធផល រយៈពេលជាច្រើនឆ្នាំកន្លង លោកបានធ្វើដើរកម្សាន្តជាង ២០ ប្រទេស និង បានកំពុងបន្តទៅកាន់ប្រទេសផ្សេងទៀតជុំវិញពិភពលោក។
នៅខែមករា ២០២៣ លោកបានសម្រេចចិត្តត្រលប់មកប្រទេសកម្ពុជា ទឹកដីកំណើត ដើម្បីបន្តក្តីសុបិនជាអ្នកប្រដាល់ ប៉ុន្តែចៃដន់ លោកបានរកឃើញខ្លួនឯងមានទំនោរខ្លាំងទៅក្នុងវិស័យហ្វេហ្សិនលំដាប់ខ្ពស់ និង កម្មវិធីប្រកួតសម្រស់វិញ។ ជាក់ស្តែង លោកបានបង្ហាញខ្លួននៅលើឆាកប្រកួតតាំងពីនៅកម្ពុជា រហូតតំណាងឱ្យប្រទេសនៅលើឆាកអន្តរជាតិ។ ក្រោយការប្រកួតយ៉ាងស្វិតស្វាញ ទីបំផុតលោកបានឈ្នះជាម្ចាស់ជ័យលាភី Mister Friendship International 2023 ដែលធ្វើឡើងនៅខេត្ត Khon Kaen ប្រទេសថៃ កាលពីថ្ងៃទី ១៣ ខែ ធ្នូ ឆ្នាំ ២០២៣។
តាមរយៈកម្មវិធីនេះ លោកបានធ្វើឱ្យប្រជាជនកម្ពុជាមានមោទកភាពជាខ្លាំង ហើយនេះក៏ជាការបើកទំព័រប្រវត្តិសាស្ត្រដំបូង ដែលកម្ពុជាក្លាយជាម្ចាស់តំណែងលំដាប់អន្តរជាតិ កម្មវិធី Mister Friendship International ផងដែរ។ បច្ចុប្បន្ន ក្រៅពីមានតំណែងជា Mister Friendship International 2023 លោកក៏កំពុងសកម្មជាមួយអាជីពដើរបង្ហាញម៉ូដ ថតផ្សព្វផ្សាយពាណិជ្ជកម្ម និង សម្តែងភាពយន្តទៀតផង៕