ផ្ទុះផ្អើលសម្រស់ពីឡុតស្រីម្នាក់នៅចិន ស្រស់ស្អាតខ្លាំងរហូតគេថាស្រដៀងនឹងកំពូលតារាស្រី Song Hye Kyo
ថ្មីៗនេះ នារីជាអ្នកបើកឧទ្ធម្ភាគចក្ររបស់កងទ័ពរំដោះប្រជាជនក្នុងប្រទេសចិនម្នាក់ កំពុងតែផ្ទុះល្បីល្បាញខ្លាំងតាមបណ្ដាញសង្គមនានា ដោយសារតែរូបសម្រស់ដ៏ស្រស់សោភាទាក់ទាញរបស់នាង អំឡុងពេលបង្ហាញខ្លួនក្នុងកម្មវិធីពិព័រណ៍អាកាសចរណ៍ធំបំផុតមួយក្នុងប្រទេសចិន Zhuhai Airshow។
នាង Xu Fengcan អាយុ ២៥ ឆ្នាំ ជាអាកាសយានិកអនុសេនីយ៍ឯកទីពីររបស់កងទ័ពរំដោះប្រជាជន បានធ្វើជាអ្នកអត្ថាធិប្បាយក្នុងកម្មវិធីអាកាសចរណ៍ និង អវកាសអន្តរជាតិចិន ដោយរូបសម្រស់របស់នាងបានលេចធ្លោខ្លាំងក្នុងកម្មវិធីទាំងមូលរហូតគ្រប់គ្នាលាន់មាត់ថារូបនាងមានមុខមាត់ស្រដៀងនឹងតារាសម្ដែងកូរ៉េ Song Hye Kyo។ ភាពលេចធ្លោរបស់នាងនេះហើយបានទាក់ចិត្តអ្នកចូលទស្សនាជាច្រើននាំគ្នាតម្រង់ជួរតាមថតរូបជាមួយនាង នេះបើតាមការចេញផ្សាយរបស់ទូរទស្សន៍ Zhejiang TV។
គួរឱ្យដឹងថា Fengcan ផ្ទុះប្រជាប្រិយភាពដំបូងតាំងពីឆ្នាំ ២០២២ ក្រោយរូបនាងបង្ហាញវត្តមានណែនាំឧទ្ធម្ភាគចក្រថ្មីមួយក្នុងកម្មវិធីពិព័រណ៍អាកាសចរណ៍ Zhuhai Airshow ជាមួយទូរទស្សន៍ជាតិ CCTV។ ក្រៅពីរូបសម្រស់ហើយនោះ Fengcan ក៏ទាក់ចិត្តមហាជនជាមួយនឹងសមត្ថភាពបើកយន្តហោះយោធាផងដែរ។
ដោយចិត្តស្រឡាញ់លើការហោះហើរ និង ឯកសណ្ឋានយោធា Fengcan បានប្រឹងប្រែងរហូតជាប់ក្នុងចំណោមពីឡុតស្រីក្នុងឆ្នាំ ២០១៧ ដែលទទួលការហ្វឹកហ្វឺនដោយខាងកងទ័ពរំដោះប្រជាជន (PLA)។ ក្រោយមក នាងក៏បានក្លាយជាពីឡុតស្រីដំបូងគេដែលទទួលជោគជ័យលើបេសកកម្មហោះហើរដោយឯករាជ្យក្នុងឆ្នាំ ២០២០។
បន្ទាប់ពីក្លាយជាអ្នកបើកឧទ្ធម្ភាគចក្រចម្បាំងក្រោយបញ្ចប់ការហ្វឹកហ្វឺនដោយកងទ័ពរំដោះប្រជាជនក្នុងឆ្នាំ ២០២១ Fengcan ត្រូវបានគេជ្រើសរើសក្លាយជាពីឡុតម្នាក់ក្នុងចំណោមពីឡុតដំបូងគេឱ្យបើកឧទ្ធម្ភាគចក្រពហុបំណងខ្នាតមធ្យម Harbin Z-20 ដែលផលិតឡើងងដោយក្រុមហ៊ុន Harbin Aircraft Industy group។ ជាមួយរូបសម្រស់ដូចតារាកូរ៉េ និង សមត្ថភាពដ៏មិនធម្មតានេះហើយ បានធ្វើឱ្យ Fengcan ក្លាយជាបុគ្គលល្បីល្បាញ និង ទាក់ទាញខ្លាំងលើបណ្ដាញសង្គមនានាក្នុងប្រទេសចិន៕
ប្រភព៖ 8days