អ្នកចូលរួមកម្មវិធី MAMA នៅជប៉ុនខឹងសម្បា ក្រោយចាយលុយរាប់ពាន់យេនទិញសំបុត្រ តែអត់បានមើល Rose & Bruno Mars សម្ដែងផ្ទាល់
នៅថ្ងៃទី ២ នៃកម្មវិធីពានរង្វាន់ MAMA 2024 ដែលរៀបចំធ្វើឡើងនៅពហុកីឡដ្ឋាន Kyocera Dome នាក្រុង Osaka ប្រទេសជប៉ុន ឃើញថាមានតារាល្បីៗជាច្រើនមានវត្តមានចូលរួម ជាពិសេសនោះក៏មានវត្តមានតារាចម្រៀង Rose សមាជិកក្រុម BLACKPINK និង តារាចម្រៀងប្រុស Bruno Mars ផងដែរ។ វត្តមានរបស់ពួកគេនេះដែរបានធ្វើឱ្យអ្នកចូលរួមជាច្រើនរំភើបចិត្ត និង រំពឹងថាបានឃើញពួកគេសម្ដែងបទចម្រៀងថ្មីរួមគ្នា «APT» ដោយផ្ទាល់។
យ៉ាងណាមិញ ក្ដីរំពឹងដ៏រីករាយរបស់មហាជនអ្នកចូលរួមបានប្រែក្លាយទៅជាការខកចិត្តយ៉ាងខ្លាំង ក្រោយការសម្ដែងរបស់ Rose និង Bruno Mars គឺគ្រាន់តែជាការថតទុកចាក់បញ្ចាំងលើ Screen នៃឆាកកម្មវិធីប៉ុណ្ណោះ។
អ្នកគាំទ្រនៅជប៉ុនជាច្រើនបាននាំគ្នាបញ្ចេញមតិប្រតិកម្មខឹង និង មិនសុខចិត្តដោយគិតថាកម្មវិធីបោកពួកគេ ដែលខំចំណាយប្រាក់រាប់ពាន់យេនទិញសំបុត្រដើម្បីមើលការប្រគំបទ «APT» ជាលើកដំបូងដោយផ្ទាល់ តែបែរជាយកមើលការសម្ដែងលើ Screen ទៅវិញ៕
ប្រភព៖ Allkpop