(វីដេអូ) ពេជ្រ ថៃ បកស្រាយជុំវិញរឿងដែលខ្លួនច្រៀងក្នុងវត្តថ្ងៃភ្ជុំបិណ្ឌ ក្រោយផ្ទុះការវែកញែកខ្លាំងមួយរយៈមុន
ជុំវិញរឿងរ៉ាវពាក់ព័ន្ធនឹងតារាចម្រៀងវ័យក្មេង ពេជ្រ ថៃ កាលពីមួយរយៈកន្លងទៅ ក្នុងអំឡុងពេលពិធីបុណ្យភ្ជុំបិណ្ឌ មហាជនអ្នកលេងបណ្ដាញសង្គមមានការផ្ទុះវែកញែក និង រិះគន់ខ្លាំងចំពោះតារាវ័យក្មេងរូបនេះ ខណៈបានឃើញវីដេអូសកម្មភាពរបស់ ពេជ្រ ថៃ ច្រៀងនៅក្នុងវត្តមួយ។
តាមរយៈការចែករំលែកវែកញែកពីមហាជនអ្នកលេងបណ្ដាញសង្គមជាច្រើន ដែលបញ្ចេញមតិរិះគន់ខ្លាំងនោះ ព្រោះតែបានឃើញសកម្មភាពរបស់ ពេជ្រ ថៃ ឈរបកស្រាយចម្រៀងនៅក្នុងវត្តមួយ គឺនៅលើសាលាឆាន់ដែលជាទីសក្ការៈបូជារបស់ពុទ្ធបរិស័ទ ដោយមើលទៅមិនសមរម្យខ្លាំង។
ជាមួយនឹងរឿងរ៉ាវនេះដែរ ក្រោយពីបានផ្ទុះចែករំលែក និង រិះគន់ខ្លាំងលើបណ្ដាញសង្គមភ្លាមៗនោះ តារាចម្រៀងវ័យក្មេង ពេជ្រ ថៃ ក៏បានចេញមុខឡាយវីដេអូបកស្រាយសុំទោសជាសាធារណៈ និង ទទួលស្គាល់កំហុសដោយអចេតនារបស់ខ្លួនផងដែរ។
ដោយឡែក មកដល់ថ្មីៗនេះ ខណៈបានចូលរួមធ្វើកិច្ចសម្ភាសក្នុងកម្មវិធី «V Talk Confession» តារាចម្រៀង ពេជ្រ ថៃ ក៏បានបកស្រាយជុំវិញរឿងរ៉ាវខាងលើយ៉ាងលម្អិត ដោយនិយាយពីដំណើរដើមទងដែលបានកើតឡើង និង បានបញ្ជាក់ឱ្យដឹងថាចំពោះការឡើងបកស្រាយចម្រៀងរបស់លោក គឺជាសំណូមពររបស់ព្រះសង្ឈដែលជាព្រះចៅអធិកាគង់នៅវត្តនោះ លើសពីនេះ ប៉ារូលចម្រៀងដែលលោកច្រៀង ក៏ជាស្នាដៃនិពន្ធរបស់ព្រះចៅអធិកា មានអត្ថន័យពាក់ព័ន្ធនឹងពិធីបុណ្យភ្ជុំបិណ្ឌ ដែលព្រះអង្គចង់ឱ្យរូបលោកបកស្រាយចម្រៀងនេះជូនផងដែរ។
ក្នុងនោះដែរ ពេជ្រ ថៃ ក៏បានរៀបរាប់ទាក់ទងនឹងឥរិយាបថ ពេលកំពុងច្រៀងក្នុងវត្ត ដែលលោកបានឈរច្រៀងកាន់ទូរស័ព្ទមានព្រះសង្ឈនៅពីក្រោយ ក៏ព្រោះតែពេលនោះព្រះសង្ឈ និង បងប្អូនអ៊ំពូមីង បានសំណូមពរឱ្យរូបលោកឡើងឈរច្រៀង ដើម្បីមើលឃើញទាំងអស់គ្នា ហើយពេលនោះដែរ រូបលោកក៏បានសួរ និង សុំអនុញ្ញាតមុននឹងឡើងច្រៀងទៀតផង៕
សូមទស្សនាវីដេអូខាងក្រោម៖