ផលិតកម្មបារមី ចេញលិខិតសុំទោសភ្លាមៗ ពាក់ព័ន្ធឃ្លាក្នុងបទ Yuhai និង GMENGz ធ្វើឱ្យប៉ះពាល់បងប្អូនជនជាតិដើមភាគតិច
ជាការពិតណាស់ អ្នកគាំទ្រវិស័យចម្រៀងរ៉េបច្បាស់ជាបានជ្រាបហើយថា កាលពីថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ ២០២៤ កន្លងទៅនេះ តារាចម្រៀងរ៉េប យូហៃ និង GMENGz បានចេញចម្រៀងថ្មីរួមគ្នាដំបូងក្នុងផលិតកម្មបារមីមានចំណងជើងថា «ម្តងហើយម្តងទៀត»។ ក្នុងនោះ MV ចម្រៀងខាងលើបានត្រឹមរយៈពេល ២៤ ម៉ោងផង ទទួលបានការចូលទស្សនាដល់ទៅ 100K ឯណោះ។
យ៉ាងណាមិញ ក្រោយបទចម្រៀងរបស់សិល្បករចម្រៀងរ៉េបវ័យក្មេងទាំង ២ រូប ដែលដុះពន្លកចេញពីកម្មវិធី The Rapper Cambodia រដូវកាលទី ១ បានផ្ទុះកក្រើកពេញបណ្តាញសង្គមនានា ក៏មានកំហុសឆ្គងដ៏តូចមួយត្រង់បារ៉ូលចម្រៀងរបស់ GMENGs ថា «ព្នងទើបចេញពីព្រៃ» ដែលធ្វើឱ្យប៉ះពាល់ដល់បងប្អូនជនជាតិដើមភាគតិចព្នងរហូតចេញមុខមកប្រតិកម្មភ្លាមៗ។
ដោយឡែក ក្រោយទទួលបានការប្រតិកម្មភ្លាមៗពីបងប្អូនជនជាតិដើមភាគតិចហើយនោះ មិនបង្អង់សិល្បករទាំង ២ រូប គឺលោក Yuhai និង លោក GMENGz ក៏បានចេញមុខមកសុំទោសភ្លាមៗពីកំហុងឆ្គងដោយអចេតនា។ លើសពីនោះ ផលិតកម្មបារមី ក៏បានចេញលិខិតសុំទោសជាផ្លូវការដូចគ្នាដែរ ព្រមទាំងបានសម្រេចលុបចោល MV បទ «ម្តងហើយម្តងទៀត» ពីបណ្តាញសង្គមនានាដូចគ្នាផងដែរ៕