អ្នកគាំទ្រព្រួយចិត្ត! សល់ ២ ថ្ងៃទៀតប្រកួតផ្ដាច់ព្រ័ត្រ ដេត ស្រីនាឌ បែរមានបញ្ហាសុខភាពធ្លាក់ខ្លួនឈឺចូលពេទ្យបន្ទាន់
រយៈពេល ១ សប្ដាហ៍ហើយ ដែល Miss Planet Cambodia 2024 កញ្ញា ដេត ស្រីនាឌ កំពុងស្ថិតក្នុងដំណើរការប្រកួតកម្មវិធីអន្តរជាតិ Miss Miss Planet International 2024 ធ្វើនៅកម្ពុជាជាម្ចាស់ផ្ទះ ដោយឃើញថាកញ្ញាកំពុងត្រូវបានមហាជនអ្នកគាំទ្រចាប់អារម្មណ៍ និង សរសើរជាមួយសកម្មភាពរបស់នាង ដែលបវរកញ្ញារូបនេះមានភាពជឿជាក់ ស្វាហាប់ខ្លាំងក្នុងដំណើរប្រកួតពីមួយវគ្គទៅមួយវគ្គ។
ជាក់ស្ដែង ក្នុងវគ្គប្រកួតបឋមកាលពីថ្មីៗកន្លងទៅ ដេត ស្រីនាឌ បានធ្វើឱ្យមហាជនអ្នកគាំទ្រផ្ទុះការចែករំលែកសរសើរខ្លាំង ដោយមានការរំភើបចិត្តចំពោះរូបនាង ដែលបានដើរបង្ហាញខ្លួនក្នុងឈុតរាត្រីសមោសរ និង ឈុតហែលទឹកលើឆាកអន្តរជាតិនេះបានយ៉ាងល្អ និង មានភាពលេចធ្លោខ្លាំង។
ដោយឡែក ក្រោយបញ្ចប់វគ្គប្រកួតបឋម សល់តែ ២ ទៀតដល់ថ្ងៃប្រកួតផ្ដាច់ព្រ័ត្រ គឺនៅថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០២៤ ខាងមុខ ស្រាប់តែ បវរកញ្ញា ដេត ស្រីនាឌ បានធ្វើឱ្យមហាជនអ្នកគាំទ្រកម្ពុជាកំពុងបារម្ភពីសុខភាពរបស់នាងខ្លាំង ខណៈបានដឹងដំណឹងថានាងធ្លាក់ខ្លួនឈឺកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។
ពេលនេះដែរ លើហ្វេសប៊ុករបស់បវរកញ្ញា ដេត ស្រីនាឌ ក៏បានបង្ហោះសារប្រាប់ពីស្ថានភាពរបស់ខ្លួន ដោយនាងបានធូរស្រាលវិញហើយ ប៉ុន្តែនាងនៅបន្តសម្រាកព្យាបាលដើម្បីតាមដានសុខភាពបន្តរហូតជាសះស្បើយ និង ចូលរួមប្រកួតវគ្គផ្ដាច់ព្រ័ត្រពេលខាងមុខនេះ៕