ផ្ទុះរឿងចម្រូងចម្រាស់ផ្អើលវិស័យបវកញ្ញា! ពេលនេះ Miss Planet អង់គ្លេស និង អូទ្រីស ត្រូវអនុញ្ញាតឱ្យចូលរួមប្រកួតវិញហើយ
មហាជនអ្នកគាំទ្រវិស័យបវរកញ្ញា ជាពិសេសអ្នកតាមដានកម្មវិធី Miss Planet International 2024 បានជ្រាបហើយជុំវិញរឿងរ៉ាវចម្រូងចម្រាស់រវាង Miss Planet អូទ្រីស និង Miss Planet អង់គ្លេស ក្នុងអំឡុងស្ថិតក្នុងកងប្រកួតកាលពីប៉ុន្មានថ្ងៃកន្លងទៅ ដោយធ្វើឱ្យប៉ះពាល់ដល់កម្មវិធី រហូតត្រូវបានកម្មវិធី Miss Planet International បណ្ដេញចេញពីការប្រកួត។
ក្រោយពីកើតរឿងរ៉ាវនេះឡើង មកដល់ថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ ២០២៤ នេះ គណៈគ្រប់គ្រងកម្មវិធី Miss Planet International ក៏បានធ្វើការសម្របសម្រួលជាមួយ Miss Planet អូទ្រីស និង Miss Planet អង់គ្លេស វិញ និង បានអនុញ្ញាតឱ្យបវរកញ្ញាប្រទេសទាំងពីរបន្តការប្រកួតវិញធម្មតា ខណៈបវរកញ្ញាប្រទេសទាំងពីរបានដោះស្រាយបញ្ហានឹងគ្នារួច។
មកទល់ពេលនេះ ក្រោយពីបានព្រមព្រៀងសម្រុះសម្រួលជាមួយខាងកម្មវិធី Miss Planet International 2024 វិញ Miss Planet អូទ្រីស និង Miss Planet អង់គ្លេស ក៏បានទទួលខ្សែឈៀង និង បន្តដំណើរការប្រកួតដោយបានរួមដំណើរជាបេក្ខភាពដទៃទៅកាន់ទឹកដីអង្គរដើម្បីទស្សនកិច្ច និង ថតឈុតតំណាងជាតិផងដែរ។
លើសពីនេះ បើក្រឡេកទៅចាប់អារម្មណ៍លើបណ្ដាញសង្គមរបស់ Miss Planet អង់គ្លេស ក្រោយពីកម្មវិធីបានអនុញ្ញាតឱ្យបន្តការប្រកួតធម្មតាវិញ បេក្ខភាពបវរកញ្ញារូបនេះក៏បានបង្ហោះចែករំលែកសារលើហ្វេសប៊ុក និយាយពីទឹកដីកម្ពុជាដែលជាម្ចាស់នៃកម្មវិធីអន្តរជាតិមួយនេះ លើកសរសើរ និង អរគុណពីទឹកចិត្តនៃប្រជាជនកម្ពុជា ដែលទឹកដីកម្ពុជាជាប្រទេសដ៏ស្រស់ស្អាត និង មានប្រជាជនដ៏អស្ចារ្យទៀតផង៕