ចាប់ដៃគ្នាសម្ដែង ដារ៉ូ និង ដាវីន កាន់តែត្រូវដងត្រូវផ្លែ រហូតទាញបានការស្រឡាញ់ពេញចិត្តខ្លាំងពីមហាជនគ្រប់វ័យ
ជាការពិតណាស់ បច្ចុប្បន្នមហាជននិយមតាមដានសិល្បៈបុរាណខ្មែរ ច្បាស់ជាបានស្គាល់មកហើយយុវជន រិទ្ធ ដារ៉ូ ហៅ ព្រះនាងតូច ដែលកំពុងឆក់បានប្រជាប្រិយភាពក្នុងការសម្តែងល្ខោនយីកេរបែបបុរាណ ដែលជាជ័យលាភីចំណាត់ថ្នាក់លេខ ៣ ក្នុងកម្មវិធី MetFone Star។ លើសពីនោះ ដារ៉ូ គឺជានិស្សិតនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈជំនាញដឹកនាំរឿង ផ្នែករបាំប្រពៃណី ទៀតផង។
ដោយឡែកទន្ទឹមគ្នាក្នុងការសម្តែងទទួលបានប្រជាប្រិយភាពនោះ ដារ៉ូ មិនមែនបង្ហាញទេពកោសល្យតែម្នាក់ឯងនោះឡើយ គឺយុវជនរូបនេះ ក៏មានដៃគូដៃកង់ ដែលសម្តែងរួមគ្នាយ៉ាងស័ក្តិសម គឺយុវជន មុំវណ្ណ ដាវីន។
មុំវណ្ណ ដាវីន ក៏ជានិស្សិតនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ដូចទៅនឹង ដារ៉ូ ដូចគ្នាដែរ ដោយអ្នកទាំង ២ គឺជាមិត្តភក្តិនឹងគ្នាទៀតផង។ ថ្មីៗនេះ ដៃគូសម្តែងទាំង ២ រូប ក៏មានឱកាសបានសម្តែងខ្សែភាពយន្ត «តួត្លុក» ក្នុងផលិតកម្មសាស្ត្រា ទទួលបានការគាំទ្រយ៉ាងខ្លាំង។
ជាការពិត ស្របពេលទេពកោសល្យផ្នែកសិល្បៈបុរាណពូកែរៀងៗខ្លួននោះ ដារ៉ូ និង ដាវីន ត្រូវបានមហាជនសរសើរខ្លាំង ថាជាដៃគូសម្តែងដ៏ស័ក្តិសមនៅលើវេទិកាសម្តែង ដែលត្រូវដងត្រូវផ្លែគ្នាពោរពេញដោយវោហារឆក់បានការគាំទ្រ និង បេះដូងអ្នកទស្សនាទាំងចាស់ទាំងក្មេង ព្រមទាំងគ្រប់ស្រទាប់វណ្ណៈ៕