សង្ហា រៀនក៏ពូកែ! កូនប្រុសច្បង ឃុំ ប៉ុណ្ណាដែត និង យក់ ថិតរដ្ឋា ថែមមាននិស្ស័យដើរលើវិថីសិល្បៈដូចឪពុកម្ដាយ
បើគិតមកដល់ពេលនេះ រយៈពេលជាង ១៩ ឆ្នាំ មកហើយ ដែលតារាចម្រៀងស្រី អ្នកនាង យក់ ថិតរដ្ឋា និង តារាចម្រៀងប្រុស លោក ឃុំ ប៉ុណ្ណាដែត បានរៀបការសាងចំណងប្រាំប្រការ និង ទទួលបានចំណងដៃកូនប្រុសស្រីចំនួន ៣ នាក់ យ៉ាងមានសុភមង្គល។
ក្នុងនោះ ដ្បិតថារៀបការដល់ទៅជិត ២០ ឆ្នាំ រីឯកូនៗធំជ្រោងសឹងទន្ទឹមខ្លួនហើយក្តី តែក្តីស្រឡាញ់របស់គូស្វាមីភរិយាអ្នកសិល្បៈមួយគូនេះ នៅតែស្អិតល្មួតចាប់ដៃគ្នាសាងគ្រួសារយ៉ាងជោគជ័យទាំងការរកស៊ី និង ការងារលើវិថីសិល្បៈ។
ងាកមកកាន់កូនរបស់ អ្នកនាង យក់ ថិតរដ្ឋា និង លោក ឃុំ ប៉ុណ្ណាដែត ឯណោះវិញ ពោលគឺនិយាយពីកូនប្រុសច្បងឈ្មោះ ឃុំ រដ្ឋាណាលីដូ បច្ចុប្បន្នហាក់ទទួលបានការចាប់អារម្មណ៍ពីសំណាក់មហាជន ព្រោះសមត្ថភាពសិល្បៈរបស់គេមានដុងកាត់ទៅរកលោកប៉ាអ្នកម៉ាក់មិនសូវខុសគ្នាប៉ុន្មានឡើយ។
ឆ្នាំនេះ ឃុំ រដ្ឋាណាលីដូ កូនប្រុសច្បង អ្នកនាង យក់ ថិតរដ្ឋា និង លោក ឃុំ ប៉ុណ្ណាដែត មានវ័យ ១៧ ឆ្នាំ ហើយ ដោយកំពុងតែរៀនយ៉ាងពូកែ មានមុខមាត់សង្ហាមិនចាញ់ប៉ាៗនោះឡើយ។ ម្យ៉ាងវិញទៀត ពេលនេះ លីដូ កំពុងដើរតាមគន្លងឪពុកម្តាយលើវិថីសិល្បៈ ដោយ លីដូ មានដុងអាចច្រៀង និង ចេះលេងហ្គីតាបានយ៉ាងល្អទៀតផង៕