អ្នកគាំទ្រខកចិត្តចំពោះ ដេត ស្រីនាឌ នាំគ្នាទទូចឱ្យនាងបន្តការប្រកួត MPI 2024 ឱ្យចប់ ដើម្បីមុខមាត់ប្រទេស
នៅព្រឹកថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០២៤ នេះ មហាជនអ្នកគាំទ្រវិស័យបវរកញ្ញា ជាពិសេសអ្នកតាមដានកម្មវិធីអន្តរជាតិ Miss Planet International 2024 ធ្វើនៅកម្ពុជាជាម្ចាស់ផ្ទះ កំពុងផ្ទុះការភ្ញាក់ផ្អើលជាខ្លាំង ខណៈនៅសល់តែប៉ុន្មានម៉ោងទៀតនឹងឈានដល់ពេលប្រកួតវគ្គផ្ដាច់ព្រ័ត្រ ស្រាប់តែបវរកញ្ញាកម្ពុជា ដេត ស្រីនាឌ បង្ហោះសារជូនដំណឹងសម្រេចចិត្តធ្វើពហិកាមិនចូលរួមប្រកួត MPI 2024 បន្តទៀតទេ។
ក្នុងនោះ បវរកញ្ញា ដេត ស្រីនាឌ ក៏ពុំបាននិយាយបកស្រាយបញ្ជាក់ឱ្យច្បាស់ពីមូលហេតុដែលធ្វើឱ្យនាងសម្រេចចិត្តពហិកាមិនចូលរួមប្រកួតកម្មវិធី MPI 2024 បន្តនោះទេ ដោយនាងគ្រាន់តែរៀបរាប់ជូនដំណឹងដល់មហាជនថា ៖ «ជម្រាបសួរប្រជាជនកម្ពុជា នាងខ្ញុំ ដេត ស្រីនាឌ ជាបវរកញ្ញាភពផែនដីប្រចាំប្រទេសកម្ពុជា Miss Planet Cambodia 2024 បានសម្រេចចិត្តថាធ្វើពហិកា មិនចូលរួមប្រកួត Miss Planet lnternational 2024 នេះបន្តទៀតទេ នៅថ្ងៃទី ២៧ ខែ វិច្ឆិកា ឆ្នាំ ២០២៤ នាងខ្ញុំសូមអរគុណដល់ ពុកម៉ែ បង ប្អូន លោកយាយ លោកតា ជាទីស្រឡាញ់ទាំងអស់ ដែលតែងតែគាំទ្រ និង ផ្ដល់នូវកម្លាំងចិត្តមកឱ្យរូបនាងខ្ញុំ តាំងពីដើមរហូតមកដល់ចំណុចមួយនេះ នាងខ្ញុំសូមគោរពអរគុណប្រជាជនកម្ពុជា»។
ស្របពេលបវរកញ្ញាកម្ពុជា ដេត ស្រីនាឌ ប្រកាសបែបនេះភ្លាម ក្រឡេកមើលមហាជនអ្នកគាំទ្រវិស័យបវរកញ្ញាលើបណ្ដាញសង្គមជាច្រើនកំពុងផ្ទុះការចែករំលែក និង បញ្ចេញមតិវែកញែកហាក់បង្ហាញការខកចិត្តខ្លាំងចំពោះបវរកញ្ញារូបនេះ ដែលមហាជនភាគច្រើនបញ្ចេញមតិស្នើសុំឱ្យនាងបន្តការប្រកួតឱ្យចប់វគ្គផ្ដាច់ព្រ័ត្រសិនក្នុងនាមជាម្ចាស់ផ្ទះ ទោះមានបញ្ហាអ្វីក៏ដោយដើម្បីមុខមាត់ប្រទេសជាតិ៕