MGI 2017 ខ្លឹម ស្រីគា ផុសសារដាស់តឿនក្ដៅគគុកមួយដល់ ដេត ស្រីនាឌ ជុំវិញរឿងពហិកាធ្វើឱ្យមុខមាត់ប្រទេសអាប់ឱន
ជាការពិតណាស់ នៅព្រឹកថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០២៤ នេះ អ្នកគាំទ្រវិស័យបវរកញ្ញា ជាពិសេសកម្មវិធីMiss Planet International កំពុងមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពី កញ្ញា ដេត ស្រីនាឌ Miss Planet Cambodia 2024 ធ្វើពហិកាមិនចូលរួមប្រកួត ខណៈនៅសល់មិនប៉ុន្មានម៉ោងទៀតការប្រកួតផ្តាច់ព្រ័ត្រនឹងឈានចូលមកដល់។
ក្នុងនោះដែរ រឿងរ៉ាវខាងលើកំពុងផ្ទុះការវែកញែកយ៉ាងខ្លាំង ដោយមានមហាជនជាច្រើនបានទទូចស្នើឱ្យ ដេត ស្រីនាឌ បន្តការប្រកួតដើម្បីមុខមាត់ប្រទេសជាតិ ក្នុងនាមជាម្ចាស់ផ្ទះ។ លើសពីនោះ ក៏មានមហាជនមួយចំនួន ចង់ឱ្យ ដេត ស្រីនាឌ ចេញមកបញ្ជាក់ពីមូលហេតុឱ្យបានច្បាស់លាស់ជុំវិញការប្រកាសធ្វើពហិការបស់នាងដែរ។
ដោយឡែក ទន្ទឹមគ្នានឹងការលើកឡើងខាងលើ គេក៏បានឃើញកញ្ញា ខ្លឹម ស្រីគា Miss Grand Cambodia 2017 ក៏បានចេញមុខមកបង្ហោះសារ បង្ហាញអារម្មណ៍នៅមិនសុខ ដោយត្រូវតែលូកដៃចូលមកនិយាយរឿងនេះ។
ក្នុងនោះ កញ្ញ ខ្លឹម ស្រីគា បានរៀបរាប់ថា៖ «តើមានរឿងអ្វីឱ្យប្រាកដ? ម៉េចក៏ដល់ថ្នាក់ហ្នឹង? មិនប្រកួត ទាំងដែលដល់ថ្ងៃប្រកួតផ្តាច់ព្រ័ត្រ! មិនចង់លូកដៃទេ តែមុខមាត់ប្រទេស ជាក់ស្តែងយើងជាម្ទាស់ផ្ទះ។ ការប្រកួតតំណាងប្រទេសជាតិ មិនមែនលំៗទេ។ ម្យ៉ាងទៀត គឺតំណាងឱ្យប្រទេសជាតិ មិនមែនដើម្បីខ្លួនឯង។ មិនគាំទ្រឱ្យសម្រេចចិត្តបែបនេះទេ ទោះមានរឿងអ្វីក៏ដោយ បំពេញតួនាទីជាម្ទាស់ផ្ទះឱ្យចប់សិន ព្រោះជាការទំនួលខុសត្រូវ»៕