សល់ ៣ ម៉ោងទៀតប្រកួតដណ្ដើមមកុដ! ខន សុវណ្ណសូនីតា ម្ចាស់មកុដ MPC ថ្មី សម្រស់ក៏ស្អាត ឆន្ទះក៏ខ្ពស់ ចេញប្តេជ្ញាចិត្តតំណាងឱ្យកម្ពុជាមិនឱ្យបាក់មុខ
ពិតណាស់ ក្រោយពីទទួលបានដំណឹងដ៏ភ្ញាក់ផ្អើល ដែលបវរកញ្ញាកម្ពុជា ដេត ស្រីនាឌ បានបង្ហោះប្រកាសធ្វើពហិការមិនបន្តចូលរួមប្រកួត MPI 2024 នោះ ក៏បានឃើញហ្វេសប៊ុកផេកផ្លូវការ Miss Planet Cambodia បានចេញសេចក្ដីជូនដំណឹងជាផ្លូវការ និង ប្រកាសថាបវរកញ្ញាលំដាប់រងទី ១ កញ្ញា ខន សុវណ្ណសូនីតា នឹងក្លាយជាម្ចាស់មកុដថ្មី MPC 2024។
ក្នុងនោះ ស្ថាប័ន Miss Planet Cambodia ក៏បានបញ្ជាក់ឱ្យដឹងថាដោយសារតែបវរកញ្ញា ដេត ស្រីនាឌ មានបញ្ហាសុខភាពសម្រាកព្យាបាលនៅមន្ទីពេទ្យមិនអាចចូលរួមប្រកួតបាន ដូចនេះកម្មវិធីក៏បានធ្វើការតែងតាំងម្ចាស់មកុដថ្មី គឺកញ្ញា ខន សុវណ្ណសូនីតា ដែលនឹងត្រូវបន្តការប្រកួតតំណាងឱ្យប្រទេសកម្ពុជាក្នុងនាមជា Miss Planet Cambodia 2024 ចូលរួមប្រកួតលើឆាកអន្តរជាតិ MPI 2024 វគ្គផ្ដាច់ព្រ័ត្រនៅរាត្រីនេះ។
ស្របពេលនេះដែរ ក្រឡេកទៅមើលហ្វេសប៊ុករបស់កញ្ញា ខន សុវណ្ណសូនីតា ក៏បានបង្ហោះសារបង្ហាញការប្តេជ្ញាចិត្តក្នុងនាមជាម្ចាស់មកុដថ្មី MPC 2024 តំណាងឱ្យកម្ពុជាចូលរួមប្រកួត MPI 2024 នៅប៉ុន្មានម៉ោងទៀតថា ៖ «នាងខ្ញុំ ខន សុវណ្ណសូនីតា នឹងប្តេជ្ញាចិត្តក្នុងការតំណាងកម្ពុជានៅលើឆាកអន្តរជាតិ នៅរយៈពេលប៉ុន្មានម៉ោងខាងមុខនេះ សូមពុកម៉ែបងប្អូន ចូលរួមលើកទឹកចិត្តនឹងគាំទ្រនាងខ្ញុំផង»។
ចំពោះម្ចាស់មកុដ MPC ថ្មីនេះដែរ មហាជនអ្នកគាំទ្រវិស័យបវរកញ្ញាជាច្រើនកំពុងចែករំលែកបង្ហាញគាំទ្រលើកទឹកចិត្តនាងយ៉ាងពេញទំហឹង និង សរសើរពីឆន្ទះដ៏មោះមុតរបស់នាង ព្រមទាំងក៏មើលឃើញពីភាពស័ក្តិសមរ ដែលនាងមានទាំងសមត្ថភាព ចំណេះដឹង និង រូបសម្រស់ក៏ស្អាតមិនធម្មតាដែរ៕