សៃ ហ្វុន រឭករឿងចេញទៅប្រកួតលើឆាកអន្តរជាតិជួបបញ្ហាច្រើន តែនៅប្រឹងតស៊ូដល់ចប់ចុងចប់ដើម
ពិតណាស់ នៅថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០២៤ នេះ ជុំវិញរឿងរ៉ាវក្នុងវិស័យបវរកញ្ញា ដែលបវរកញ្ញាកម្ពុជា ដេត ស្រីនាឌ បានបង្ហោះជូនដំណឹងសម្រេចចិត្តធ្វើពហិការមិនចូលរួមប្រកួត MPI 2024 បន្ត ខណៈនៅសល់តែប៉ុន្មានម៉ោងទៀតកម្មវិធីប្រកួតវគ្គផ្ដាច់ព្រ័ត្រនោះ បានក្លាយជាប្រធានបទដ៏ក្ដៅគកុកដែលធ្វើឱ្យមហាជនអ្នកគាំទ្រជាច្រើនផ្ទុះការចែករំលែក និង បញ្ចេញមតិវែកញែករៀងៗខ្លួន។
ក្នុងនោះ ក្រៅពីមហាជនអ្នកគាំទ្រ ក៏ឃើញមានរៀមច្បងវិស័យបវរកញ្ញា និង អ្នកសិល្បៈរៀមច្បងជាច្រើនរូបបានចូលរួមបញ្ចេញមតិជុំវិញរឿងខាងលើដែរ ដោយស្របគ្នានោះ គេក៏បានឃើញបវរកញ្ញា សៃ ហ្វុន ជាម្ចាស់មកុដ Miss Queen Cambodia 2021 បានបង្ហោះសារមួយក្នុងនាមជាបវរកញ្ញាធ្លាប់តំណាងប្រទេសប្រកួតលើឆាកអន្តរជាតិ ដោយបាននិយាយរឮកដល់រឿងរ៉ាវរបស់ខ្លួនទៅចូលរួមប្រកួតនៅក្រៅប្រទេសផងដែរ។
ក្នុងនោះ សៃ ហ្វុន បាននិយាយពីការតាំងចិត្តរបស់បវរកញ្ញាតំណាងប្រទេសដែលគួរតែមាន ដោយទោះជាមានបញ្ហាអ្វី ក៏ត្រូវតែធ្វើឱ្យដល់ទីបញ្ចប់ទោះជាទទួលបានលទ្ធផលបែបណាក៏ដោយ ដូចជារូបនាងផ្ទាល់កាលពីអំឡុងពេលប្រកួតក៏បានជួបបញ្ហាច្រើន ប៉ុន្តែក៏ព្យាយាមព្រោះតែជាកាតព្វកិច្ចរបស់នាង។
សារនោះ សៃ ហ្វុន បានរៀបរាប់ថា ៖ «ពេលដែលពាក់ខ្សែឆៀងមានឈ្មោះកម្ពុជា អ្នកត្រូវគិត…មិនថាមានរឿងអ្វីកើតឡើងគឺយើងត្រូវធ្វើឱ្យដល់ទីបញ្ចប់ទោះលទ្ធផលបែបណាក៏ដោយ តែបើយើងធ្វើតែតាមអារម្មណ៍បែបនេះគេមិនហៅថាធ្វើដើម្បីជាតិនោះទេ….. ខ្មាសគេអ្នកជិតខាងយើងផង»។
ជាមួយគ្នានោះ កញ្ញា សៃ ហ្វុន ក៏បានបញ្ចេញមតិក្រោមការបង្ហោះថា ៖ «កាលជំនាន់ខ្ញុំទៅប្រឡងនៅឆាកអន្តរជាតិ ខ្ញុំមានបញ្ហាកើតឡើងជាច្រើន ទើបតែវះកាត់ធ្មេញថ្គាមរួចបានពីរថ្ងៃ ហោះទៅប្រកួត កាន់អីវ៉ាន់ពាក់ស្បែកជើងកែងដើរដួលថ្លោះជើង ឈឺ ហត់ គេងមិនគ្រប់គ្រាន់ បាក់កម្លាំង សួរថាខ្ញុំ post ប្រាប់អ្នកទាំងអស់គ្នាទេ ខ្ញុំមិនផុសទេ។ ដោយសារតែនេះជាកាតព្វកិច្ចរបស់យើងគេមិនបានបង្ខំឱ្យយើងទៅទេ យើងអ្នកស្ម័គ្រចិត្តទៅដើម្បីជាតិដោយខ្លួនឯង»៕