នៅតែក្ដៅងំ! ដាំ សុភ័ក្ត្រស៊ីន ទម្លាយសំណួរ Close Door ធ្លាប់សួរទៅ ដេត ស្រីនាឌ ពាក់ព័ន្ធអតីតកាលធ្លាប់បោះបង់កាលប្រកួតកណ្ដាលទី
បើទោះជាការប្រកួត Miss Planet International 2024 បានរកឃើញម្ចាស់មកុដកាលពីរាត្រីថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០២៤ ដោយបានទៅលើ Miss Planet អារ៉ាប់រួម ហើយក្តី តែរឿងរ៉ាវនៃការធ្វើពហិកាមិនចូលរួមប្រកួតរបស់កញ្ញា ដេត ស្រីនាឌ នៅតែជាប្រធានបទក្តៅគគុកនៅលើបណ្តាញសង្គម បើទោះបីជាភ្លាមៗ ផេកផ្លូវការរបស់ Miss Planet Cambodia បានបកស្រាយថា ស្រីនាឌ មានជំងឺទើបមិនអាចចូលរួមបានក៏ដោយ។
ក្នុងនោះ គេចាំបានថា កាលពីព្រឹកថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០២៤ ពោលគឺ សល់ប៉ុន្មានម៉ោងទៀត ការប្រកួតវគ្គផ្តាច់ព្រ័ត្រ Miss Planet International 2024 បានមកដល់ កញ្ញា ដេត ស្រីនាឌ ម្ចាស់មកុដ Miss Planet Cambodia 2024 បានប្រកាសពហិកាមិនចូលរួមប្រកួត និង ត្រូវបានស្ថាប័ន MPC ចេញសេចក្តីប្រកាសតែងតាំងលំដាប់រងទី ១ MPC 2024 កញ្ញា ខន សុវណ្ណសូនីតា ទៅជាម្ចាស់មកុដ MPC 2024 ថ្មី ប្រកួតតំណាងកម្ពុជាបន្ត។
ដោយឡែក ស្របពេលរឿងរ៉ាវក្តៅគគុកខាងលើនោះ កញ្ញា ដាំ សុភ័ក្ត្រស៊ីនឌី Miss Planet Cambodia 2023 បានចេញមកបង្ហោះសារ រំឭកអំឡុងពេលប្រកួតថ្នាក់ជាតិ ដោយនាងបានសួរសំណួរមួយទៅកាន់ ដេត ស្រីនាឌ។
ក្នុងនោះ កញ្ញា ដាំ សុភ័ក្ត្រស៊ីនឌី បានរៀបរាប់ថា៖ «កាលនោះខ្ញុំក៏ជាគណៈកម្មការ close door ថ្នាក់ជាតិ Miss Planet Cambodia ម្នាក់ដែរ ហើយខ្ញុំសួរសំណួរគាត់តែ ១ សំណួរមួយគត់។ សំណួរសួរថា៖ ប្អូនធ្លាប់មានអតីតកាលបោះបង់ការប្រកួតកណ្តាលទី តើប្អូនបានត្រៀមចិត្ត ឬប្តេជ្ញាចិត្តហើយឬនៅទើបប្អូនសម្រេចចិត្តមកប្រកួតនេះ? ឧទាហរណ៍ថាបើប្អូនជាប់ តើនឹងអាចមានរឿងនឹងកើតឡើងម្តងទៀតទេ? ចម្លើយ៖ ចា៎បង ខ្ញុំនឹងធ្វើវាឱ្យបាន ហើយនឹងមិនឱ្យមានរឿងនឹងកើតឡើងម្តងទៀតទេ។ ឥលូវ? បងមិនដឹងថាប្អូនមានបញ្ហាអ្វី ឬប្អូនរងសម្ពាធអ្វីមកពីណាទេ តែនេះជាបេសកកម្ម ជាតួនាទី ជាកាតព្វកិច្ចរបស់ប្អូនដែលត្រូវបំពេញវា មិនមែនឈ្មោះប្អូនតែម្នាក់ទេ តែ…»៕