ពេលនេះ នាយ តាក់ស៊ី កំពុងសង្គ្រោះបន្ទាន់នៅបន្ទប់ ICU គ្រូពេទ្យឱ្យជម្រើសចុងក្រោយ ២ ព្រោះស្ថានភាពជំងឺកាន់តែធ្ងន់ទៅៗហើយ
កាលពីប៉ុន្មានខែមុន មហាជនមានការភ្ញាក់ផ្អើលម្តងរួចមកហើយ ក្រោយទទួលដំណឹងពីសុខទុក្ខរបស់តារាកំប្លែង នាយ តាក់ស៊ី ដែលកំពុងតែឈឺធ្ងន់សម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យព្រះកេតុមាលា។
យ៉ាងណាមិញ ស្រាប់តែថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០២៤ នេះ តាមរយៈការបង្ហោះពីលោក សាវិន ហ្វីលីព បានប្រាប់ពីស្ថានភាពជំងឺរបស់ នាយ តាក់ស៊ី ជាថ្មី ដោយពេលនេះ នាយ តាក់ស៊ី កំពុងស្ថិតនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យព្រះកេតុមាលា ដោយសារជំងឺទឹកនោមផ្អែម បណ្តាលឱ្យខូចក្រលៀន។ លើសពីនោះ លោក សាវិន ហ្វីលីព បានបន្ថែមថា នាយ តាក់ស៊ី ក៏មានទឹកដក់ក្នុងសួតដែរ។
តាមរយៈសារ លោក សាវិន ហ្វីលីព បានរៀបរាប់ពីស្ថានភាពជំងឺ នាយ តាក់ស៊ី បានឱ្យដឹងថា៖ «នាយ តាក់ស៊ី អាយុ ៤៥ ឆ្នាំ កំពុងស្ថិតនៅក្នុងស្ថានភាពលាងឈាមសង្រ្គោះបន្ទាន់ នៅមន្ទីរពេទ្យព្រះកេតុមាលា ដោយសារជំងឺទឹកនោមផ្អែមធ្វើឱ្យខូចក្រលៀន។ លោកវេជ្ជបណ្ឌិតប្រាប់ខ្ញុំថា ពេលនេះ នាយ តាក់ស៊ី មានជម្រើសចុងក្រោយពីរ គឺទីមួយ ត្រូវលាងឈាមពេញមួយជីវិត មួយអាទិត្យចំនួនបីដង, ជម្រើសទី ២ គឺត្រូវតែធ្វើការវះកាត់ប្ដូរក្រលៀនថ្មី»។
លើសពីនេះ លោក សាវិន ហ្វីលីព ក៏បានបន្ថែមទៀតថា៖ «នាយ តាក់ស៊ី មិនត្រឹមតែខូចក្រលៀនទេ ថែមទាំងមានទឹកដក់ក្នុងសួតទៀត»៕