ក្រៅពីជំងឺទឹកនោមផ្អែមតម្រូវឱ្យលាងឈាម ៣ ដងក្នុងមួយសប្ដាហ៍ វេជ្ជបណ្ឌិតរកឃើញជំងឺលើខ្លួន នាយ តាក់ស៊ី មួយទៀត
នៅថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០២៤ នេះ មហាជននិយមតាមដានរឿងរ៉ាវសិល្បៈ មានការភ្ញាក់ផ្អើលជាថ្មី ក្រោយទទួលបានដំណឹងសុខភាពរបស់តារាកំប្លែង នាយ តាក់ស៊ី តាមរយៈការបង្ហោះពីលោក សាវិន ហ្វីលីព ជម្រាបជូនពីស្ថានភាពជំងឺរបស់លោកនាពេលនេះ។
ក្នុងនោះ លោក សាវិន ហ្វីលីព បានប្រាប់ពីស្ថានភាពជំងឺរបស់ នាយ តាក់ស៊ី ជាថ្មី ដោយពេលនេះ នាយ តាក់ស៊ី កំពុងស្ថិតនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យព្រះកេតុមាលា ដោយសារជំងឺទឹកនោមផ្អែម បណ្តាលឱ្យខូចក្រលៀន។
លើសពីនោះ អ្វីដែលកាន់តែធ្វើឱ្យមហាជន និង មិត្តក្នុងសិល្បករមានការព្រួយបារម្ភកាន់តែខ្លាំង គឺលោក សាវិន ហ្វីលីព បានបន្ថែមថា នាយ តាក់ស៊ី ក៏មានទឹកដក់ក្នុងសួតដែរ។
តាមរយៈការបង្ហោះរបស់ លោក សាវិន ហ្វីលីព បានរៀបរាប់ពីស្ថានភាពជំងឺ នាយ តាក់ស៊ី បានឱ្យដឹងថា៖ «នាយ តាក់ស៊ី អាយុ ៤៥ ឆ្នាំ កំពុងស្ថិតនៅក្នុងស្ថានភាពលាងឈាមសង្រ្គោះបន្ទាន់ នៅមន្ទីរពេទ្យព្រះកេតុមាលា ដោយសារជំងឺទឹកនោមផ្អែមធ្វើឱ្យខូចក្រលៀន។ លោកវេជ្ជបណ្ឌិតប្រាប់ខ្ញុំថា ពេលនេះ នាយ តាក់ស៊ី មានជម្រើសចុងក្រោយពីរ គឺទីមួយ ត្រូវលាងឈាមពេញមួយជីវិត មួយអាទិត្យចំនួនបីដង, ជម្រើសទី ២ គឺត្រូវតែធ្វើការវះកាត់ប្ដូរក្រលៀនថ្មី»។ បន្ថែមពីនោះ លោក សាវិន ហ្វីលីព ក៏បានបញ្ជាក់ទៀតថា៖ «នាយ តាក់ស៊ី មិនត្រឹមតែខូចក្រលៀនទេ ថែមទាំងមានទឹកដក់ក្នុងសួតទៀត»៕