(វីដេអូ) ធ្លាយសារសំឡេងសង្ស័យជាម្តាយរបស់ ដេត ស្រីនាឌ បញ្ចេញហេតុផលខ្លះៗនៃការមិនចូលប្រកួត MPI 2024 របស់កូន
មកទល់ពេលនេះ ដ្បិតតែកម្មវិធីអន្តរជាតិ MPI 2024 បានបញ្ចប់ការប្រកួតដោយរលូនហើយ ប៉ុន្តែជុំវិញរឿងរ៉ាវដែលបវរកញ្ញាកម្ពុជា ដេត ស្រីនាឌ ប្រកាសមិនចូលរួមប្រកួត MPI 2024 បន្ត មុនពេលការប្រកួតវគ្គផ្ដាច់ព្រ័ត្រកាលថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០២៤ គឺនៅតែជាប្រធានបទដ៏ក្ដៅគកុកដែលធ្វើឱ្យមហាជនអ្នកគាំទ្រវិស័យបវរកញ្ញាជាច្រើនបន្តការវែកញែកខ្លាំងទៅលើបវរកញ្ញារូបនេះ។
យ៉ាងណាមិញ ជុំវិញរឿងនេះដែរ មុនពេលកម្មវិធីអន្តរជាតិ MPI 2024 ដំណើរការប្រកួតវគ្គផ្ដាច់ព្រ័ត្រនោះ ក៏បានឃើញហ្វេសប៊ុកផេកផ្លូវការ Miss Planet Cambodia បានចេញសេចក្ដីជូនដំណឹងជាផ្លូវការថាបវរកញ្ញាលំដាប់រងទី ១ កញ្ញា ខន សុវណ្ណសូនីតា នឹងក្លាយជាបវរកញ្ញាតំណាងកម្ពុជាប្រកួត MPI 2024 បន្ត ខណៈកញ្ញា ដេត ស្រីនាឌ មានបញ្ហាសុខភាពសម្រាកព្យាបាលនៅមន្ទីរពេទ្យ ទើបមិនអាចចូលរួមប្រកួតទៀតបាន។
ជាមួយគ្នានោះ បើក្រឡេកទៅមើលហ្វេសប៊ុករបស់បវរកញ្ញា ដេត ស្រីនាឌ វិញ ក្រោយពីប្រកាសជូនដំណឹងពហិកាមិនបន្តចូលរួមប្រកួត MPI 2024 បានប៉ុន្មានម៉ោង ក៏បានឃើញនាងលុបការបង្ហោះជូនដំណឹងនោះវិញ ព្រមទាំងមិនបានចេញបកស្រាយពីមូលហេតុនៃការបោះបង់ការប្រកួតកណ្ដាលទីប្រាប់ដល់មហាជនអ្នកគាំទ្រឱ្យបានដឹងច្បាស់ឡើយ។
យ៉ាងណាមិញ ថ្មីៗនេះ នៅលើបណ្តាញសង្គម Tik Tok ស្រាប់តែមានការចែករំលែកព្រោងព្រាតនូវសារសំឡេងមួយ ដែលគេសង្ស័យថាជាសំឡេងម្តាយរបស់ ដេត ស្រីនាឌ និយាយទាំងអួលដើម-ក ពីបញ្ហាខ្លះនៃការចាកចេញមិនចូលរួមការប្រកួតពាក់កណ្ដាលទីរបស់កូនស្រី ដោយមានចំណុចមួយចំនួនបានសង្កត់ធ្ងន់លើការប្រឹងប្រែងរហូតដល់ស្រកគីឡូ និង បញ្ហាសុខភាពជាដើម៕