កាន់តែឡើងកម្ដៅ! ដេត ស្រីនាឌ ប្រកាសចេញមុខនិយាយរឿងដកខ្លួនពីការប្រកួតភ្លាមៗ ក្រោយខាំមាត់សំងំយំតែម្នាក់ឯង
ពិតណាស់ មកទល់ពេលនេះ ដ្បិតតែកម្មវិធីអន្តរជាតិ MPI 2024 បានបញ្ចប់ការប្រកួតដោយរលូនហើយ ប៉ុន្តែជុំវិញរឿងរ៉ាវដែលបវរកញ្ញាកម្ពុជា ដេត ស្រីនាឌ ប្រកាសមិនចូលរួមប្រកួត MPI 2024 បន្ត មុនពេលប្រកួតវគ្គផ្ដាច់ព្រ័ត្រថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០២៤ គឺនៅតែជាប្រធានបទដ៏ក្ដៅគកុកដែលធ្វើឱ្យមហាជនអ្នកគាំទ្រវិស័យបវរកញ្ញាជាច្រើនបន្តការវែកញែកខ្លាំងទៅលើបវរកញ្ញារូបនេះ។
ជុំវិញរឿងនេះដែរ បើក្រឡេកទៅមើលហ្វេសប៊ុករបស់បវរកញ្ញា ដេត ស្រីនាឌ វិញ ក្រោយពីប្រកាសជូនដំណឹងពហិកាមិនបន្តចូលរួមប្រកួត MPI 2024 បានប៉ុន្មានម៉ោង ក៏បានឃើញនាងលុបការបង្ហោះជូនដំណឹងនោះវិញ ព្រមទាំងមិនបានចេញបកស្រាយពីមូលហេតុនៃការបោះបង់ការប្រកួតកណ្ដាលទីប្រាប់ដល់មហាជនអ្នកគាំទ្រឱ្យបានដឹងច្បាស់ឡើយ។
ស្របគ្នានោះដែរ អ្វីដែលធ្វើឱ្យមហាជនអ្នកគាំទ្រវិស័យបវរកញ្ញាកំពុងផ្ទុះចាប់អារម្មណ៍ និង វែកញែកខ្លាំងទៀត ក្រោយពីបានឃើញវីដេអូនៃសកម្មភាពរបស់ ដេត ស្រីនាឌ នៅកន្លែងមួយ កំពុងអង្គុយស្រងូតស្រងាត់ទឹកមុខក្រៀមក្រំ មានបិទបន្ទះជែលបន្ថយកម្ដៅនៅថ្ងាស ដោយឃើញមានអ្នកនៅក្បែរកំពុងជួយនិយាយដោះស្រាយ និង លើកទឹកចិត្តនាងជុំវិញបញ្ហាដែលបានកើតឡើង។
ដោយឡែក ក្រោយផ្ទុះការវែកញែកខ្លាំងលើបណ្ដាញសង្គមប៉ុន្មានថ្ងៃ មកដល់ថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០២៤ នេះ ក៏បានឃើញហ្វេសប៊ុករបស់ កញ្ញា ដេត ស្រីនាឌ ចេញបង្ហោះសារថ្មីមួយ ដោយប្រកាសថានឹងចេញបកស្រាយជុំវិញរឿងរ៉ាវនេះខ្លះៗនៅថ្ងៃស្អែកនេះហើយ ក្រោយពីខាំមាត់សង្កត់ចិត្តយំតែម្នាក់ឯង។
ក្នុងនោះ ដេត ស្រីនាឌ បានបង្ហោះរៀបរាប់លើហ្វេសប៊ុកថា ៖ «ពីដំបូងគិតថាមិននិយាយអ្វីទាំងអស់ សុខចិត្តខាំមាត់សង្កត់ចិត្តយំតែម្នាក់ឯង ថ្ងៃស្អែកនេះនាងខ្ញុំ នឹងមានការបកស្រាយបន្តិចបន្តួចតាមសំណូមពររបស់ពុកម៉ែបងប្អូន ដែលគាំទ្រនាងខ្ញុំ»៕