(វីដេអូ) ក្តៅៗ! មិញនេះ កញ្ញា ដេត ស្រីនាឌ បង្ហោះវីដេអូទម្លាយមូលហេតុហើយ ជុំវិញការធ្វើពហិកាមិនប្រកួត MPI
ពិតណាស់ មកទល់ពេលនេះ ដ្បិតតែកម្មវិធីអន្តរជាតិ MPI 2024 បានបញ្ចប់ការប្រកួតដោយរលូនហើយ ប៉ុន្តែជុំវិញរឿងរ៉ាវដែលបវរកញ្ញាកម្ពុជា ដេត ស្រីនាឌ ប្រកាសមិនចូលរួមប្រកួត MPI 2024 បន្ត មុនពេលប្រកួតវគ្គផ្ដាច់ព្រ័ត្រថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០២៤ កន្លងទៅ គឺនៅតែជាប្រធានបទដ៏ក្ដៅគកុកដែលធ្វើឱ្យមហាជនអ្នកគាំទ្រវិស័យបវរកញ្ញាជាច្រើនបន្តការវែកញែកខ្លាំងទៅលើបវរកញ្ញារូបនេះ។
ជុំវិញរឿងនេះដែរ បើក្រឡេកទៅមើលហ្វេសប៊ុករបស់បវរកញ្ញា ដេត ស្រីនាឌ វិញ ក្រោយពីប្រកាសជូនដំណឹងពហិកាមិនបន្តចូលរួមប្រកួត MPI 2024 បានប៉ុន្មានម៉ោង ក៏បានឃើញនាងលុបការបង្ហោះជូនដំណឹងនោះវិញ ព្រមទាំងមិនបានចេញបកស្រាយពីមូលហេតុនៃការបោះបង់ការប្រកួតកណ្ដាលទីប្រាប់ដល់មហាជនអ្នកគាំទ្រឱ្យបានដឹងច្បាស់ឡើយ។
ស្របគ្នានោះដែរ អ្វីដែលធ្វើឱ្យមហាជនអ្នកគាំទ្រវិស័យបវរកញ្ញាកំពុងផ្ទុះចាប់អារម្មណ៍ និង វែកញែកខ្លាំងទៀត ក្រោយពីបានឃើញវីដេអូនៃសកម្មភាពរបស់ ដេត ស្រីនាឌ នៅកន្លែងមួយ កំពុងអង្គុយស្រងូតស្រងាត់ទឹកមុខក្រៀមក្រំ មានបិទបន្ទះជែលបន្ថយកម្ដៅនៅថ្ងាស ដោយឃើញមានអ្នកនៅក្បែរកំពុងជួយនិយាយដោះស្រាយ និង លើកទឹកចិត្តនាងជុំវិញបញ្ហាដែលបានកើតឡើង។
ដោយឡែក ក្រោយផ្ទុះការវែកញែកខ្លាំងលើបណ្ដាញសង្គមប៉ុន្មានថ្ងៃ មកដល់រសៀលថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២៤ នេះ ក៏បានឃើញហ្វេសប៊ុករបស់ កញ្ញា ដេត ស្រីនាឌ ចេញបង្ហោះសារថ្មី អមដោយវីដេអូមួយ ដោយបានបកស្រាយជុំវិញរឿងរ៉ាវនេះខ្លះៗជុំវិញការដកខ្លួនមិនចូលរួមប្រកួត។
កញ្ញា ដេត ស្រីនាឌ បាននិយាយថាមូលហេតុដែលនាងសម្រេចធ្វើពហិកាមិនប្រកួតបន្ត គឺមានរឿងកើតឡើងច្រើនលើនាង ហើយមានតែខ្លួននាងទើបដឹងច្បាស់ តែក្នុងនេះនាងក៏បានលើកចំណុចមួយដែលបានកើតឡើងនៅខេត្តសៀមរាប ប៉ុន្តែការលើកឡើងនោះ នាងមិនបានបញ្ចេញពីហេតុការណ៍ច្បាស់លាស់ឡើយ ដោយនាងបែរជាបានបញ្ជាក់ដូច្នេះថា ៖ នាងខ្ញុំ សូមជម្រាបសួរពុកម៉ែ បងប្អូន លោកយាយ លោកតា ជាទីស្រឡាញ់ទាំងអស់គ្នា នាងខ្ញុំ សូមជម្រាបជូន ពុកម៉ែ បងប្អូន ឱ្យបានជ្រាបថា នេះជាហេតុផលមួយជ្រុងដែល នាងខ្ញុំសូមមិននិយាយអ្វីលើសពីនេះទៀតទេ៕