បវរកញ្ញាភេទទី ៣ នៀន នៀន ម្ចាស់មកុដ MSC ដំបូងគេ ក្ដោបឱកាសចេញទៅប្រកួត Miss Star International នៅប្រេស៊ីស
និយាយពីកញ្ញា នៀន នៀន ដ្បិតតែក្នុងកម្មវិធីប្រកួត Miss Queen Cambodia ប្រចាំឆ្នាំ ២០២៤ កាលពីពេលកន្លងទៅ នាងមិនបានឈ្នះមកុដ Miss Queen Cambodia 2024 មែន តែពេលនោះកញ្ញាក៏ទទួលបានជ័យលាភី Grand Winner Miss Queen Cambodia 2024 ដែលនឹងក្លាយជាម្ចាស់ជ័យលាភីគ្រងមកុដនៃកម្មវិធីប្រកួតសម្រស់ដ៏ថ្មីសន្លាងមួយ គឺ Miss Star Cambodia 2024។
ក្នុងនោះ ម្ចាស់ជ័យលាភីគ្រងមកុដ Miss Star Cambodia 2024 កញ្ញា នៀន នៀន នឹងក្លាយជាបវរកញ្ញាភេទទី ៣ កម្ពុជាដំបូងគេ ដែលត្រូវត្រៀមខ្លួនដើម្បីតំណាងឱ្យកម្ពុជាទៅប្រកួតលើឆាកអន្តរជាតិ Miss Star International នៅទ្វីបអាមេរិកខាងត្បូង គឺប្រទេសប្រេស៊ីល អំឡុងខែធ្នូ ឆ្នាំ ២០២៤ នេះ។
យ៉ាងណាមិញ ក្រោយពីគ្រងមកុដ Miss Star Cambodia 2024 និង បានត្រៀមខ្លួនរយៈពេលប៉ុន្មានខែ មកដល់ព្រឹកថ្ងៃទី ៤ ខែធ្នូ ឆ្នាំ ២០២៤ នេះ បវរកញ្ញាភេទទី ៣ នៀន នៀន ក៏បានចេញដំណើរទៅកាន់ប្រទេសប្រេស៊ីលហើយ ដើម្បីតំណាងប្រទេសចូលរួមប្រកួតលើឆាកអន្តរជាតិ Miss Star International 2024។
ក្នុងដំណើរទៅកាន់ឆាកអន្តរជាតិនេះដែរ បវរកញ្ញាភេទទី ៣ កញ្ញា នៀន នៀន កំពុងទទួលបានការគាំទ្រលើកទឹកចិត្តពីមហាជនអ្នកគាំទ្រវិស័យបវរកញ្ញាជាច្រើន និង ជូនពរឱ្យនាងទទួលបានជោគជ័យនាំយកលទ្ធផលល្អមកកាន់មាតុភូមិវិញផងដែរ៕