ផ្ទុះចាប់អារម្មណ៍ រឿង «អប្សរាមហាអង្គរ» របស់ឯកឧត្តម ហ្វៃ សំអាង មានប្លង់ថតមួយ តួប្រុសម្នាក់ននលគកបាំងតែស្លឹកឈូកនៅតំបន់ពិសេស
មហាជនអ្នកគាំទ្រវិស័យភាពយន្តខ្មែរ បានជ្រាបហើយពីខ្សែភាពយន្តបុរាណខ្នាតធំបែបប្រវត្តិសាស្រ្ត «អប្សរាមហាអង្គរ» ដែលជាស្នាដៃនិពន្ធ និង ត្រៀមដឹកនាំផលិតដោយផ្ទាល់ពីអ្នកដឹកនាំភាពយន្តដ៏ល្បីក្នុងប្រទេសកម្ពុជា ឯកឧត្តម ហ្វៃ សំអាង។
គិតមកដល់ពេលនេះ រយៈពេលជាង ១ ឆ្នាំមកហើយ ដែលភាពយន្តខ្នាតធំបែបប្រវត្តិសាស្រ្តនេះ បានដំណើរការថតជាផ្លូវការ ដោយតែងឃើញលើហ្វេសប៊ុករបស់ឯកឧត្តម ហ្វៃ សំអាង បង្ហោះពីឈុតឆាក និង តួអង្គនីមួយៗនៃសាច់រឿង ឃើញថាទាំងឈុតសម្លៀកបំពាក់របស់តួអង្គ និង ប្លង់ថតផ្សេងៗសុទ្ធសឹងតែស្រស់ស្អាតប្រណីតត្រជាក់ភ្នែកណាស់ ដែលបានផ្ទុះការសរសើរខ្លាំងពីមហាជន។
ជាក់ស្ដែង ថ្មីៗនេះ អ្វីកាន់តែធ្វើឱ្យមហាជនអ្នកតាមដាននៃសកម្មភាពថតភាពយន្តខ្នាតធំមួយនេះ ចាប់អារម្មណ៍ខ្លាំងទៀត ខណៈបានឃើញរូបភាពថ្មីៗជាច្រើនសន្លឹកនៃឈុតឆាកថ្មីៗក្នុងសាច់រឿងនេះ ដែលបង្ហោះដោយឯកឧត្តម ហ្វៃ សំអាង ស្ដែងពីសកម្មភាពថតប្លង់ដ៏ស្រស់ៗស្អាតលើទឹកដីអង្គរ។
លើសពីនោះ អ្វីដែលកំពុងផ្ទុះចាប់អារម្មណ៍ចែករំលែកខ្លាំងទៀតលើរូបភាពមួយសន្លឹកនៃសកម្មភាពថត ដែលឯកឧត្តម ហ្វៃ សំអាង បានបង្ហោះនោះ គឺបង្ហាញឱ្យឃើញពីឈុតឆាកតួអង្គប្រុសស្រីនៅមាត់បឹងមួយ ដោយក្នុងនោះតួអង្គប្រុសម្នាក់បានងើបចេញពីទឹកបឹងជាមួយរូបរាងននលគក បាំងតែស្លឹកឈូក។
ក្រោយឃើញឈុតមួយនេះដែរ មហាជនបានលាន់មាត់ដែរថា រឿងភាគច្រើនដែលឯកឧត្តម ហ្វៃ សំអាង ដឹកនាំសម្តែង តែងតែមានលាយឈុតបែបនេះមិនដែលខាននោះទេ ដែលជាល្បោយមួយធ្វើឱ្យសាច់រឿងកាន់តែទាក់ទាញ។ ងាកទៅមើល ឯកឧត្តម ហ្វៃ សំអាង វិញ ក្រោយមានការលើកឡើងពីឈុតននលគកនេះ លោកបានឱ្យដឹងដែរថា ពេលថតគឺមានបច្ចេក មិនស្រាតទាំងអស់នោះទេ៕