ឧកញ៉ា ព្រាប សុវត្ថិ ស្នើសុំលាលែងពីក្របខ័ណ្ឌកងយោធពលខេមរភូមិន្ទ ដោយសុំរក្សាទុកគោរមងារ ឧកញ៉ា
មហាជនអ្នកគាំទ្រតាមដានរបស់កំពូលតារាចម្រៀង ព្រាប សុវត្ថិ បានជ្រាបហើយថា ក្រៅពីជាកំពូលតារាចម្រៀងជួរមុខប្រចាំប្រទេស និង មានគោរមងារជាឧកញ៉ា តារាចម្រៀងរូបនេះក៏ជាមន្រ្តីរាជការក្នុងក្របខ័ណ្ឌនៃកងយោធពលខេមរភូមិន្ទមួយរូបផងដែរ។
ថ្មីៗនេះ តាមរយៈការចែករំលែកនៃលិខិតអនុក្រឹត្យស្ដីពីការលាលែងចេញពីក្របខ័ណ្ឌនៃកងយោធពលខេមរភូមិន្ទ បានឱ្យដឹងថាកំពូលតារាចម្រៀង ព្រាប សុវត្ថិ ដែលមានគោរមងារជាឧកញ៉ា និង មានឋានន្តរស័ក្ដិ «វរសេនីយន៍ឯក» នៃកងយោធពលខេមរភូមិន្ទ បានស្នើសុំលាលែងក្របខ័ណ្ឌនៃកងយោធពលខេមរភូមិន្ទហើយ។
សំណើនៃការលាលែងតំណែងនេះ ត្រូវបានសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានឯកភាពកាលពីថ្ងៃទី ៥ ខែធ្នូ ឆ្នាំ ២០២៤ កន្លងទៅ។ ក្នុងអនុក្រឹត្យស្ដីពីការលាលែងចេញពីក្របខ័ណ្ឌនៃកងយោធពលខេមរភូមិន្ទ គឺនៅរក្សាទុកគោរមងារជា ឧកញ៉ា ដល់វរសេនីយន៍ឯក ព្រាប សុវត្ថិ ផងដែរ៕