ទើបអាយុ ១៦ ឆ្នាំ ជូរី ល្អហួស ត្រូវគ្រួសារអភិជនសុំចូលចែចូវ តែ ដេននី ក្វាន់ ថាកូនស្រីនៅក្មេងខ្ចីពេកមិនទាន់គិតរឿងគូគ្រង
មហាជននិយមតាមដានសកម្មភាពរបស់បវរកញ្ញាវ័យក្មេង ជូរី ល្អហួស ច្បាស់ជាបានជ្រាបមកហើយថា ក្រៅពីមានតំណែងជាម្ចាស់មកុដ Miss Preteen Junior Idol World 2024 ហើយនោះ បវរកញ្ញាវ័យក្មេងរូបនេះ ក៏មានទីផ្សារការងារសិល្បៈជាច្រើន ដោយក្នុងនោះ ជូរី ល្អហួស បានក្លាយជាទូតសុឆន្ទៈឱ្យបណ្តាក្រុមហ៊ុននានា ការថតផ្សព្វផ្សាយផលិតផល សម្អាងការ ក៏ដូចជាការចូលរួមក្នុងកម្មវិធីកម្សាន្តនានាជាច្រើន។ មិនត្រឹមតែប៉ុណ្ណោះ ថ្មីៗនេះ ជូរី ល្អហួស ក៏ក្តោបបានតំណែងជាតួឯកក្នុងការសម្តែងខ្សែភាពយន្តថែមទៀតផង។
ជាការពិតណាស់ ជូរី ល្អហួស ត្រូវបានមហាជនទទួលស្គាល់ពីសមត្ថភាពរបស់នាង តាំងពីមុនការចូលរួមប្រកួតលើវិស័យបវរកញ្ញាមកម្ល៉េះ ដោយ ជូរី ល្អហួស មានដុងសិល្បៈដ៏សម្បូរបែប មិនថាតែសម័យ និង បុរាណនោះឡើយ។ ម្យ៉ាងវិញទៀត បើនិយាយពីរូបសម្រស់ និង អត្តចរិតវិញនោះ បវរកញ្ញាវ័យ ១៦ ឆ្នាំ រូបនេះ ត្រូវបានមហាជនសរសើរថា ពិតជាល្អ សមនឹងឈ្មោះរបស់នាងទៀតផង។
ដោយឡែកស្រាប់តែថ្មីៗនេះ បវរកញ្ញាវ័យក្មេង គ្រាប់ពេជ្ររបស់កម្ពុជា ល្អហួស លេចឮដំណឹងថា មានគ្រួសារអ្នកមានឋានៈក្នុងសង្គមចង់បានធ្វើជាកូនប្រសា រហូតមកសុំផ្សារសាច់ផ្សារឈាមតាមរយៈអ្នកនាង ដេននី ក្វាន់ ជាម្តាយ ប៉ុន្តែយ៉ាងណាត្រូវបានបដិសេធ ដោយសារ ល្អហួស នៅក្មេងវ័យពេក។
ក្នុងនោះ តាមរយៈ Status របស់អ្នកនាង ដេននី ក្វាន់ ម្តាយរបស់ ជូរី ល្អហួស បានសរសេរបង្ហោះលើហ្វេសប៊ុកនៅព្រឹកថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០២៤ នេះថា៖ «ដឹងហើយថាមកតាមផ្លូវទៅតាមច្បាប់ តែកូនស្រីខ្ញុំគាត់នៅក្មេងខ្ចីពេក អនាគតគាត់នៅវែងឆ្ងាយណាស់មិនទាន់គិតរឿងគូស្រករអីទេ។ សុំទោសផងជំទាវបង»៕